ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១៧ សីហា ២០១៦ មានការភ្ញាក់ផ្អើលមួយនៅសាលាមត្តេយ្យសិក្សាសូភី ខណៈឪពុកម្តាយមកទទួល ស្រាប់តែមិនឃើញកូនស្រីចំនួន២នាក់ ម្នាក់អាយុ៥ឆ្នាំ និងម្នាក់អាយុ៦ឆ្នាំ ផ្អើលទាំងគ្រូប្រចាំថ្នាក់ ទៀត ។
ទន្ទឹមនោះ ក្រោយពីនគរបានទទួលព័ត៌មាន លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលបានចាត់កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតស្រាល និងជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងនគរបាលអន្តរាគមន៍ ចុះធ្វើការស្រាវជ្រាវរុកគ្រប់ទីកន្លែង ។
ទីបំផុត ស្រាប់តែក្មេងស្រីទាំង២នាក់បានទៅដល់ផ្ទះវិញ ដោយមានអ្នកម៉ូតូឌុបម្នាក់ មិនស្គាល់អត្តសញ្ញាណបានឌុបពួកគេ (ក្មេង ស្រីទាំង២នាក់) ទៅទុកនៅផ្លូវចូលផ្ទះក្មេងស្រីម្នាក់ ដែលមានឈ្មោះឡឹក រ៉ូឌី អាយុ៥ឆ្នាំ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ចំណែកក្មេងស្រីម្នាក់ឈ្មោះហេង សោភា អាយុ៦ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
បើតាមការរៀបរាប់ឪពុកម្តាយកុមារីឈ្មោះឡឹក រ៉ូឌី និងម្តាយកុមារីឈ្មោះហេង សោភា បាននិយាយថា ជារៀងរាល់ថ្ងៃ ពួកគាត់តែងតែទៅយកកូនពេលចេញពីសាលា ។ ថ្ងៃនេះពេលទៅទទួល មិនឃើញកូន ពួកគាត់ក៏ផ្អើលឆោឡោ ប្តឹងដល់សមត្ថកិច្ចនាំគ្នាដើររកគ្រប់ទីកន្លែងទាំងទឹកស្ទឹង និងសាលាផងដែរ ។ រយៈពេលជាង១ម៉ោង ទើបទទួលដំណឹងថា ក្មេងទាំង២នាក់ មានគេឌុបទៅទុកផ្លូវចូលផ្ទះរបស់កុមារីឡឹក រ៉ូឌី ។
សមត្ថកិច្ច ក៏ដូចជាឪពុកម្តាយកុមារី នាំគ្នាមកពិនិត្យមើល ស្រាប់ឃើញទាំង២នាក់នៅនឹងផ្ទះនោះមែន ទើបពួកគាត់ជាអាណាព្យាបាលមានសេចក្តីត្រេកអរយ៉ាងក្រៃលែង រកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ ។ ជាមួយគ្នានោះដែរ ឪពុកកុមាររីឈ្មោះឡឹក រ៉ូឌី បានថ្លែងអំណរគុណដល់កងកម្លាំងនគរបាល ដែលបានយកចិត្តទុកដាក់ស្វះស្វែង ដុតដៃដុតជើងពេលដែលទទួលព័ត៌មានពីគាត់ ពិសេសគឺលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។
បន្ទាប់ពីទទួលព័ត៌មានថា មានបាត់ក្មេងស្រីសិស្សសាលា២នាក់ លោកបានចាត់តាំងកម្លាំង ដើម្បីធ្វើការស្រាជ្រាវ និងជួយអន្តរាគមន៍រុករកគ្រប់កន្លែង រហូតរូបគាត់បានទទួលដំណឹងថាកូនៗរបស់គាត់នៅដល់ផ្ទះទាំង២នាក់ ក្នុងចិត្តរបស់គាត់រំភើបយ៉ាងខ្លាំង។