ប្រភពព័ត៌មានពីខេត្តបន្ទាយមានជ័យ បានរាយការណ៍ឲ្យដឹងថា សាច់មាន់ត្រូវមីនមួយចំនួនធំ ត្រូវបានមន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាល បង្ក្រាបបានកាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីឈ្មួញលួចនាំចូលពីប្រទេសសៀម តាមច្រករបៀងភូមិសាស្ត្រ អូរបីជាន់ ស្រុកអូរជ្រៅ។ ប្រភពដែលបានបញ្ជាក់ថាការបង្ក្រាបខាងលើនេះ គឺជាការបង្ក្រាបមួយផ្នែកតូចប៉ុណ្ណោះ ខណៈការនាំចូលសាច់មាន់ខូចគុណភាពបានកើតឡើងស្ទើររៀងរាល់យប់។
ប្រជាពលរស់នៅក្បែរច្រករបៀងអូរជ្រៅ ក្នុងខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា សព្វថ្ងៃនេះនៅច្រករបៀងខាងលើមានករណីនាំចូលសាច់ខូចគុណភាពស្ទើររៀងរាល់យប់ ហើយក៏មានករណីនាំចូលទំនិញគេចពន្ធ និងទំនិញខូចគុណភាពមួយចំនួនទៀតផងដែរ។ ប្រភពដដែលបានបញ្ជាក់ថា នៅពេលមានការបង្ក្រាបបន្តិចបន្តួចមន្ត្រីជំនាញបានអនុញ្ញាតឲ្យសារព័ត៌មានផ្សាយព្រោងព្រាត តែចំពោះករណីនាំចូលទំនិញខុសច្បាប់ក្នុងទ្រង់ទ្រាយធំពួកគេបានឃុបឃិតគ្នានាំចូលដោយស្ងៀមស្ងាត់ ហើយបែងចែកផលប្រយោជន៍ជាមួយឈ្មួញយ៉ាងរលូន។
ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ បានសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធនៅខេត្តបន្ទាយមានជ័យជួយត្រួតពិនិត្យ និងជំរុញមន្ត្រីជំនាញឲ្យបំពេញការងារឲ្យមានប្រសិទ្ធភាព និងបានត្រឹមត្រូវផង ព្រោះសព្វថ្ងៃនេះតាមច្រករបៀងនានាក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នៅតែមានករណីនាំចូលទំនិញគេចពន្ធ និងទំនិញខូចគុណភាពជារៀងរាល់ថ្ងៃ។ ប្រភពដដែលបានសង្កត់ធ្ងន់ថា បើមន្ត្រីជំនាញមានភាពស្អាតស្អំ និងមានឆន្ទៈពិតប្រាកដក្នុងការបង្ក្រាបបទល្មើស នោះអំពើល្មើសច្បាប់ទាំងឡាយនឹងមិនអាចកើតឡើងបានឡើយ។
ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា បើមន្ត្រីជំនាញនៅតែអាចប្រព្រឹត្តអំពើពុករលួយ ហើយគ្មានវិធានការច្បាប់ដើម្បីទប់ស្កាត់ នោះបទល្មើសសេដ្ឋកិច្ចនៅខេត្តបន្ទាយមានជ័យនឹងនៅតែបន្តកើតមានយ៉ាងពេញបន្ទុក។ ប្រភពដដែលបានបញ្ជាក់ថា បើប្រៀបធៀបប្រសិទ្ធភាពការងាររវាងមន្ត្រីជំនាញរបស់ខ្មែរនៅតាមព្រំដែន និងមន្ត្រីជំនាញរបស់សៀមវាមានភាពខុសគ្នាឆ្ងាយណាស់ ព្រោះមន្ត្រីជំនាញរបស់សៀមមិនមានករណីប្រព្រឹត្តអំពើពុករលួយច្រើនដូចមន្ត្រីជំនាញរបស់កម្ពុជានោះទេ ខណៈមន្ត្រីជំនាញរបស់សៀមមានជីវភាពប្រសើរជាងមន្ត្រីខ្មែរ៕