ប្រជាពលរដ្ឋក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានរាយការណ៍មកថ្មីៗនេះថា លោក ហាក់ បូរ៉ា ប្រធានការិយាល័យភូមិបាលក្រុងខេមរភូមិន្ទមានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់។ អំពើល្មើសច្បាប់របស់លោក ហាក់ បូរ៉ា ត្រូវគេដឹងថាជាប់ពាក់ព័ន្ធជាមួយលោក មាស សុភាព អតីតប្រធានមន្ទីរកសិកម្មខេត្តកោះកុងដែលរងការចោទប្រកាន់ថាកាត់ដីមន្ទីរកសិកម្មខេត្តកោះកុងយកទៅលក់ឲ្យឈ្មួញឯកជន ហើយត្រូវបានថ្នាក់លើដកចេញពីមុខតំណែងកាលពីខែកក្កដា កន្លងទៅនេះ។
រឿងអាស្រូវខាងលើនេះ លេចធ្លាយក្រោយពី ស្ដ្រីចំណាស់ម្នាក់ឈ្មោះ កែម ឡា អាយុ៦៨ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ចេញមុខដាក់ពាក្យបណ្ដឹងជាចំហចំពោះមុខច្បាប់ចោទទៅលើលោក ហាក់ បូរ៉ា ប្រធានការិយាល័យភូមិបាលក្រុងខេមរភូមិន្ទទៅលើពីរចំណុចផ្សេងគ្នា។ ពាក្យបណ្ដឹង ត្រូវបានលោកស្រី កែម ឡា ដាក់ចូលទៅសាលាក្រុងខេមរភូមិន្ទមួយច្បាប់ និងដាក់ចូលទៅប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកោះកុងមួយច្បាប់ដើម្បីឱ្យស្ថាប័នទាំងពីរចាត់វិធានការលើជនល្មើសតាមនីតិវិធីច្បាប់ ។
តាមខ្លឹមសារពាក្យបណ្តឹងរបស់លោកស្រី កែម ឡា ប្តឹងលោក ហាក់ បូរ៉ា ដែលមានតួនាទីជាប្រធានការិយាល័យភូមិបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានបង្ហាញថា ដើមបណ្តឹង ប្តឹងករណីទីមួយដោយចោទថា លោក ហាក់ បូរ៉ា និងបក្ខពួក បានយកឈ្មោះ រូបថត និងអត្តសញ្ញាណប័ណ្ណរបស់លោកស្រី កែម ឡា មកធ្វើលិខិតបញ្ជាក់កាន់កាប់ដីធ្លី ដោយលោកស្រី កែម ឡា មិនបានផ្ដិតមេដៃដែលមានលិខិតបញ្ជាក់ដីធ្លីលេខ៤០/១៥ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ។ ករណីទីពីរចោទថា លោក ហាក់ បូរ៉ា បានក្លែងបន្លំយកឈ្មោះលោកស្រី កែម ឡា មកធ្វើកិច្ចសន្យាលក់-ទិញដីធ្លីឱ្យទៅឈ្មោះ ជា លាងហុង ភេទប្រុស មានទីលំនៅបច្ចុប្បន្ន នៅភូមិ១៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈលោកស្រី កែម ឡា មិនបានដឹងអ្វីទាំងអស់។
ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋក្រុងខេមរភូមិន្ទ បានរិះគន់ថា លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គប្បីត្រួតពិនិត្យ និងជំរុញឲ្យស្ថាប័នជំនាញផ្សេងទៀតសហការគ្នាដោះស្រាយភាពមិនប្រក្រតី និងជាការរកយុត្តិធម៌ជូនភាគីពាក់ព័ន្ធជុំវិញករណីលោកស្រី កែម ឡា ប្តឹង លោក ហាក់ បូរ៉ា ដែលមានតួនាទីជាប្រធានការិយាល័យភូមិបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ គួរបញ្ជាក់ថា កន្លងទៅថ្មីៗនេះ នៅខេត្តកោះកុង ក៏មានករណីលេចធ្លាយរឿងអាស្រូវមន្ត្រីជំនាញឃុបឃិតគ្នាលក់ដីមន្ទីរព័ត៌មានខេត្តកោះកុងផងដែរ៕