ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានឲ្យដឹងថាក្នុងមូលដ្ឋានរបស់ពួកគាត់ ជាពិសេសនៅផ្សារព្រែកតាមាក់ ល្បែងកន្ទុយលេខ(ឆ្នោតយួន)កំពុងរាលដាលយ៉ាងពេញបន្ទុក ហើយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច មិនចាត់វិធានការបង្ក្រាបឡើយ។ ប្រភពខ្លះបានឲ្យដឹងថា លោក ម៉ែន សុខខឿន អធិការនគរបាលស្រុកខ្សាច់កណ្ដាល ទទួលផលប្រយោជន៍ពីមេកន្ទុយលេខទើបបណ្ដោយឲ្យល្បែងកន្ទុយលេខរាលដាលកាន់តែខ្លាំងឡើងៗ។ ប្រសិនបើគ្មានការឃុបឃិតពីសំណាក់លោក ម៉ែន សុខខឿន ល្បែងកន្ទុយលេខនៅក្នុងឃុំព្រែកតាមាក់ មិនរាលដាលយ៉ាងពេញបន្ទុកដូចសព្វថ្ងៃនេះទេ។
ដោយសារតែលោក ម៉ែន សុខខឿន ទទួលផលប្រយោជន៍ពីមេកន្ទុយលេខក្នុងឃុំព្រែកតាមាក់ ហើយបណ្ដោយឲ្យល្បែងនេះរាលដាលកាន់តែខ្លាំងទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ចាត់វិធានការបង្ក្រាបជាបន្ទាន់។ ប្រភពពីអាជីវករលក់ដូរនៅផ្សារព្រែកតាមាក់ ក៏បានឲ្យដឹងដែរថាលោក ម៉ែន សុខខឿន និងបក្ខពួកតែងទៅយកលុយពីមេកន្ទុយលេខប្រចាំខែ ទើបមេកន្ទុយលេខទាំងនោះពង្រាយកូនកញ្ច្រែងកាន់តែច្រើន ហើយមន្ត្រីអាជ្ញាធរឃុំនិងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំព្រែកតាមាក់ មិនហ៊ានប៉ះពាល់មេកន្ទុយលេខឬមេឆ្នោតយួនទាំងនោះឡើយ។ ប្រភពបានឲ្យដឹងទៀតថា មេកន្ទុយលេខដែលកំពុងធ្វើអ្វីៗតាមអំពើចិត្តមានដូចជា ឈ្មោះ ចែលីន ឈ្មោះ នី និងឈ្មោះ ហៀង ហើយមន្ត្រីអាជ្ញាធរឃុំ និងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានប៉ះពាល់មេកន្ទុយលេខទាំងនេះឡើយ។
ប្រជាពលរដ្ឋនៅក្នុងឃុំព្រែកតាមាក់ បានឲ្យដឹងទៀតថា មេកន្ទុយលេខមួយចំនួនធ្លាប់និយាយប្រាប់ពួកគាត់ពីរឿងបង់លុយឲ្យនគរបាលឃុំ និងនគរបាលស្រុក ក្នុងមួយខែៗរាប់រយដុល្លារទើបអាចគេចផុតពីការបង្ក្រាប ហើយលោក ម៉ែន សុខខឿន ជាអ្នកទទួលផលប្រយោជន៍ច្រើនជាងគេ។ អ្នកភូមិព្រែកតាមាក់ ក៏ដូចជាប្រជាពលរដ្ឋច្រើនភូមិទៀតក្នុងឃុំព្រែកតាមាក់ បានឲ្យដឹងថានៅពេលល្បែងកន្ទុយលេខរាលដាលកាន់តែខ្លាំងឡើងៗ គឺអំពើចោរកម្ម លួចប្លន់ និងបទល្មើសចែកចាយជួញដូរប្រើប្រាស់គ្រឿងញៀនក្នុងឃុំព្រែកតាមាក់ ក៏កើតឡើងគួរឲ្យព្រួយបារម្ភដែរ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល លុបបំបាត់ល្បែងកន្ទុយលេខនៅស្រុកខ្សាច់កណ្ដាលជាបន្ទាន់ ព្រោះលោក ម៉ែន សុខខឿន មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងឡើយ ហើយចាត់ទុកល្បែងស៊ីសងជាប្រភពចំណូលរបស់ខ្លួនទៅវិញ៕