ប្រជានេសាទរស់នៅឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថានៅក្នុងរដូវបិទនេសាទនេះ បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងមូលដ្ឋានរបស់ពួកគាត់ កំពុងកើតឡើងយ៉ាងអនាធិបតេយ្យ ហើយមន្ត្រីរដ្ឋបាលជលផល ក៏ដូចជាមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មិនចាត់វិធានការទប់ស្កាត់នោះទេ។ ផ្ទុយទៅវិញមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកបរិបូរណ៍ គឺជាអ្នកឃុបឃិតបើកដៃឲ្យក្រុមជនល្មើសធ្វើអ្វីៗតាមអំពើចិត្ត ដើម្បីជាថ្នូរនឹងផលប្រយោជន៍ ហើយក៏អាចមានការបើកដៃពីលោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងផងដែរ។ ដូច្នេះលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល គួរពិនិត្យទៅលើភាពអសកម្មរបស់មន្ត្រីរដ្ឋបាលជលផលក្នុងស្រុកបរិបូរណ៍ជាបន្ទាន់ ព្រោះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កំពុងរាលដាលកាន់តែខ្លាំងឡើងៗ។
សេចក្ដីរាយការណ៍ពីប្រជានេសាទបានឲ្យដឹងថា មានរបាំងសាច់អួនក្រឡាញឹក៨កន្លែងវែងៗត្រូវគេដាក់ភ្ជិតព្រែកចុងតាគង់ ដែលជាតំបន់អភិរក្សពូជត្រីនៅក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ហើយមិនទាន់ឃើញមន្ត្រីរដ្ឋបាលជលផល និងមន្ត្រីអាជ្ញាធរ ចាត់វិធានការបង្ក្រាបនៅឡើយទេ។ ការដែលក្រុមជនល្មើសដាក់របាំងសាច់អួនក្រឡាញឹកភ្ជិតព្រែកចុងតាគង់បែបនេះ មិនអាចឲ្យត្រីចូលទៅព្រែកចុងតាគង់ ដើម្បីរកកន្លែងពងកូនបានឡើយ ហេតុនេះហើយទើបប្រជានេសាទអំពាវនាវឲ្យលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ចាត់វិធានការបង្ក្រាបបទល្មើសនេសាទក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ឲ្យបានទាន់ពេលវេលា។ ជាពិសេសត្រូវចាត់វិធានការទៅលើក្រុមជនល្មើសតាមច្បាប់ ដើម្បីកុំឲ្យពួកគេប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងរដូវបិទនេសាទតទៅទៀត។
តាមការអះអាងរបស់ប្រជានេសាទភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាបើគ្មានការបើកដៃពីមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺក្រុមជនល្មើសមិនអាចប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងរដូវបិទនេសាទបានឡើយ ព្រោះក្រុមជនល្មើសគឺជាមនុស្សដដែលៗ។ មានការរិះគន់ចំៗថា លោក កង ចាន់ដារិន នាយសង្កាត់រដ្ឋបាលជលផលស្រុកបរិបូរណ៍ គឺជាអ្នកឃុបឃិតបើកដៃឲ្យក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងរដូវបិទនេសាទ ហើយលោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង គឺជាអ្នករង់ចាំទទួលផលប្រយោជន៍យ៉ាងសុខស្រួល។ ហេតុនេះលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មិនត្រូវបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះធនធានមច្ឆជាតិក្នុងបឹងទន្លេសាបនៃស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កំពុងប្រឈមនឹងសេចក្ដីវិនាស៕