ខេត្តកំពង់ចាម ៖ ស្របពេលដែលទឹកទន្លេមេគង្គក្នុងរដូវវស្សានេះ បានចាប់ផ្តើមឡើងនោះ ដែលបណ្ដាលឲ្យច្រាំងទន្លេត្រង់ចំណុចភូមិឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ បានបាក់ធ្លាក់រាលចូលមកក្នុងភូមិតាំងពីមុនរហូតមកដល់ពេលនេះ ជម្រៅរាប់រយម៉ែត្រ និងបណ្តោយច្រើនពាន់ម៉ែត្រ កំពុងធ្វើឲ្យលំនៅស្ថានរបស់ពលរដ្ឋ ត្រូវបានរុះរើទៅរកកន្លែងសុវត្ថិភាព និងកំពុងតែប្រឈមការរុះរើថែមទៀតផងដែរ។
លោក ម៉ន ប៊ុនណា នាយកសាលាបឋមសិក្សាឫស្សីស្រុកលើ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ថា ចាប់តាំងពីពេលដែលច្រាំងទន្លេមេគង្គបានបាក់រាល់ឆ្នាំក្នុងរដូវវស្សា គឺនៅសល់ចម្ងាយប្រហែលជាង២០០ម៉ែត្រទៀតនឹងបាក់មកដល់សាលារៀន ដែលបង្កឲ្យមានក្តីកង្វល់ ព្រោះថាកន្លងមកនេះមានសប្បុរសជនមានបំណងសាងសង់អគារសិក្សា១ខ្នង តែមិនអាចសង់បាននោះទេដោយសារតែស្ថានភាពគ្រោះធម្មជាតិច្រាំងទន្លេចេះតែបាក់រំកិលចូលមក។
ជាមួយនោះសូមឲ្យអាជ្ញាធរជួយចុះមកពិនិត្យមើល និងរិះរកវិធានការបែបណា ដើម្បីទប់ស្កាត់កុំឲ្យបាក់បន្តទៀត ស្រួលមិនស្រួលសាលាបឋមសិក្សា ឫស្សីស្រុក និងវិទ្យាល័យ ហេង សំរិន ឫស្សីស្រុក ថ្ងៃក្រោយនឹងបាក់ទៅតាមទឹកទន្លេ។ លោក ជា ស៊ុនលី ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិឫស្សីស្រុក ប្រាប់ឲ្យដឹងថា ផ្ទះឈើរបស់គាត់នៅតាមជួរមាត់ទន្លេមេគង្គមកដល់ឆ្នាំ២០១១ ច្រាំងទន្លេចាប់ផ្តើមបាក់ដោយសារតែ គេបូមខ្សាច់ផ្ទះត្រូវរុះរើមកនៅកណ្តាលភូមិ ។
មកដល់ឆ្នាំ២០១៦នេះទៀតច្រាំងទន្លេចេះតែបាក់បន្តចូលរាលមកក្នុងភូមិចម្ងាយប្រហែល២០០ម៉ែត្រហើយ និងនៅសល់ចម្ងាយ៥០ម៉ែត្រទៀត ដល់ផ្ទះគាត់មិនដឹងជាមានលុយឯណាសម្រាប់ទៅទិញដីគេនៅទេ ។ លោកយាយឈ្មោះ ជា នាង អាយុ៧០ឆ្នាំ នៅភូមិឫស្សីស្រុក មានប្រសាសន៍ឲ្យដឹងថា ផ្ទះឈើរបស់គាត់ទំហំ៨គុណ៩ម៉ែត្រប្រក់ក្បឿង តែដោយសារច្រាំងទន្លេបាក់មកជិតដល់ក្នុងឆ្នាំ២០១៣ បានពឹងឲ្យអ្នកភូមិរាប់សិបនាក់នាំគ្នាជួយរុះរើ ដើម្បីសុវត្ថិភាពកុំឲ្យបាក់ចូលទឹកទន្លេមេគង្គ នៅចម្ងាយ១០ម៉ែត្រពីច្រាំងទន្លេប៉ុណ្ណោះ គាត់មិនបានចាកចេញទៅណាទេ គឺបានធ្វើខ្ទមតូចនៅជាបណ្តោះអាសន្នជាមួយកូនៗ និងប្តីហើយថវិកាក៏មិនមានដែរ ចេះតែរស់នៅទំរាំដល់ពេលត្រូវស្លាប់។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត មានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះថា សម្រាប់ក្នុងវស្សានេះរូបលោកបានបែងចែកកម្លាំង សមត្ថកិច្ចនៅតាមបណ្តាស្រុកក្រុងទាំង១០ ក្នុងអធិការដ្ឋាននគរបាលស្រុកមួយមានកម្លាំងចំនួន៣០នាក់ និងកម្លាំងនៅខេត្តចំនួន២០០នាក់ទៀត សម្រាប់ចេញជួយអន្តរាគមន៍ដល់ពលរដ្ឋ នៅតាមដងទន្លេមេគង្គបើសិនជាទឹកជំនន់ទន្លេមេគង្គ រងការគំរាមកំហែងនោះ ៕