រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថ សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន ក្នុងការស្វែងរកមុខសញ្ញាចោរប្លន់ទូរស័ព្ទនៅហាង «លឹម ហាវ» ចំណុចក្បែរផ្សារដើមគរនោះ ក៏បានដឹងដោយកម្លាំងធ្វើការឡោមព័ទ្ធផ្ទះរបស់ជនសង្ស័យនោះ តាំងពីវេលាម៉ោង១២អធ្រាត្រថ្ងៃទី១៩ សីហា ២០១៦ នៅម្តុំផ្ទះជួលលេខ១២ ក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ដោយជនសង្ស័យមិនព្រមសហការចេញមកនោះទេ ។ លុះនៅវេលាម៉ោង០៦ និង៤០នាទីព្រឹកថ្ងៃដដែលនោះ ជនសង្ស័យក៏សម្រេចចិត្តធ្វើអត្តឃាត ដោយយកកាំភ្លើងបាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹកផ្ទះជួលខាងលើតែម្តង ។
ប្រភពឱ្យដឹងថា ជនសង្ស័យឈ្មោះសុខ មាន មានប្រពន្ធឈ្មោះមុំ និងមានកូនប្រុស-ស្រី២នាក់ស្ថិតក្នុងបន្ទប់ជួលនោះ ។ ខណៈពេលនេះ កម្លាំងបានធ្វើការត្រួតពិនិត្យ និងឆែកឆេរក្នុងផ្ទះជួល ។ ដោយឡែក ប្រពន្ធរបស់ជនសង្ស័យ មិនបាននិយាយអ្វីទាំងអស់ ដោយគិតតែពីទ្រហោយំនៅមុខសពប្តីតែប៉ុណ្ណោះ ។
គួររំលឹកថា បុរសម្នាក់បានចូលទៅប្លន់យកទូរស័ព្ទដៃស៊េរីទំនើបៗ៧គ្រឿង រួចរត់ចូលផ្សារនាគមាសបាត់ស្រមោលតែម្តង ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង១០នាទីរសៀលថ្ងៃទី១៨ សីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចហាងលក់ទូរស័ព្ទយីហោ «លឹម ហាវ» ផ្ទះលេខ៧៨អា ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
ប្រភពឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកវ៉េវ១គ្រឿង ពាក់ស្លាកលេខ កណ្ដាល 1J-5094 បានជិះចូលទៅហាងលក់ទូរស័ព្ទ «លឹម ហាវ» សួររកទិញទូរស័ព្ទស៊េរីទំនើប៣គ្រឿង ។ បន្ទាប់ពីសួរតម្លៃ និងតថ្លៃបានបន្តិច ស្រាប់តែបុរសរូបនោះបានដកកាំភ្លើងភ្ជង់ម្ចាស់ហាងឲ្យយកបន្ថែម៤គ្រឿងទៀត សរុប៧គ្រឿង រួចរត់បម្រុងឡើងជិះម៉ូតូគេចខ្លួន តែត្រូវម្ចាស់ហាងស្រែកចោរៗផ្អើលឆោឡា ធ្វើចោរនោះភ័យស្លន់ស្លោរចោលម៉ូតូរត់គេចខ្លួនចូលក្នុងផ្សារនាគមាសបាត់ស្រមោល ។
ប្រភពពីបន្តទៀតថា ទូរស័ព្ទស៊េរីទំនើបទាំង៧គ្រឿងនោះមានតម្លៃសរុបជិត៣ពាន់ដុល្លារ ។ បន្ទាប់មក ត្រូវកម្លាំងអាវុធហត្ថធ្វើការស្រាវជ្រាវតាមរកមុខសញ្ញារហូតដល់ប្រទះឃើញកន្លែងស្នាក់នៅរបស់ជនសង្ស័យខាងលើនោះ ។