រាជធានីភ្នំពេញ ៖ ក្មេងស្រីអាយុ១២ឆ្នាំម្នាក់មានអាការៈស្លេកស្លាំង ធ្វើឲ្យម្តាយមីងមានការងឿងឆ្ងល់ហៅមកជជីកសួរ ទើបបែកធ្លាយការពិតថា បុរសម្នាក់បានគំរាមសម្លាប់ និងចាប់រំលោភនាងជាច្រើនលើកច្រើនសារ(៩ដង)តាំងពីអំឡុងខែមិថុនា ឆ្នាំ២០១៦មកម្ល៉េះ ។
ប្រភពពីសមត្ថកិច្ចខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថន ធារ៉ា ហៅ ធា អាយុ១៨ឆ្នាំ មុខរបរកម្មករលក់គ្រឿងរថយន្ត ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៩០០ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ តាមពាក្យបណ្ដឹងចោទប្រកាន់ពីបទរំលោភសេពសន្ថវៈក្មេងស្រីអាយុ១២ឆ្នាំ បានសម្រេចជាច្រើនដង(៩ដងក្នុង១ថ្ងៃ) និងគំរាមសម្លាប់ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ប.ស.ជ.ត អាយុ១២ឆ្នាំ ជាសិស្ស ស្នាក់នៅជាមួយម្ដាយមីង ។
ក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា តាំងពីអំឡុងខែមិថុនា ឆ្នាំ២០១៦ ជនសង្ស័យបានបបួលនាងទៅទិញទូរស័ព្ទ១គ្រឿង និងភ្ជាប់អ៊ីនធើណេត ដើម្បីចុចមើលរឿងកំសាន្ដ ។ បន្ទាប់មកជនសង្ស័យបានល្បួងចាប់រំលោភរហូតបានសម្រេចជាច្រើនដងក្នុង១ថ្ងៃ៩ដងទៅ១០ដងរហូតមកដល់ខែសីហា ព្រមទាំងប្រើកូនកាំបិតគំរាមសម្លាប់បើសិនជាហ៊ានយករឿងនេះទៅប្រាប់អ្នកដទៃ ។
ក្រោយពីជនសង្ស័យរំលោភជាច្រើនដងធ្វើឲ្យក្មេងស្រីរងគ្រោះមានអាការៈស្លេកស្លាំង ទើបម្ដាយមីងមានការសង្ស័យ ហៅមកសួរនាំ ស្រាប់តែបែកធ្លាយរឿងជនសង្ស័យបានប្រើកាំបិតគំរាសម្លាប់ និងរំលោភបានសម្រេចជាច្រើនដងមកហើយតាំងពីអំឡុងខែមិថុនាមកម្ល៉េះ ។
បន្ទាប់ពីដឹងរឿងពិតហើយ ម្តាយមីងក៏នាំក្មួយស្រីមកប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលឫស្សីកែវ និងឈានទៅចាប់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី ៕