មន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា មកដល់ពេលនេះបទល្មើសកាប់ឈើក្នុងស្រុកជាំក្សាន្ត ស្រុកឆែប ស្រុកត្បែងមានជ័យ ស្រុករវៀង និងស្រុកគូលែន នៅតែបន្តកើតមានយ៉ាងពេញបន្ទុក។ ឈើទាំងនោះត្រូវបានឈ្មួញដឹកជញ្ជូនតាមរថយន្តធំៗឆ្លងកាត់ស្រុកស្វាយលើ ចូលទៅខេត្តសៀមរាបយ៉ាងរលូន ដោយពុំមានមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់ឡើយ។ ទន្ទឹមនឹងនេះឈ្មួញមួយចំនួនបានដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ឆ្លងកាត់ផ្លូវជាតិលេខ៦២ចូលខេត្តកំពង់ធំ និងយកទៅចែកចាយដល់ខេត្តកំពង់ចាមផងដែរ។
សេចក្ដីរាយការណ៍ពីសកម្មជនព្រៃឈើបានឲ្យដឹងថា បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត នៅតែបន្តកើតមានឥតឈប់ឈរធ្វើឲ្យព្រៃឈើក្នុងតំបន់ការពារកំពុងប្រឈមនឹងសេចក្ដីវិនាស។ ក្រុមហ៊ុនមួយចំនួនដូចជាក្រុមហ៊ុនលីសុគន្ធ ក្រុមហ៊ុនហុងសុភាព និងក្រុមហ៊ុនអានម៉ារ៉ាឌី បានធ្វើសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ចូលខេត្តសៀមរាប និងខេត្តកំពង់ធំ ហើយយកទៅចែកចាយតាមដេប៉ូនៃបណ្ដាខេត្តនានាយ៉ាងរលូន។ ប្រភពខ្លះបានឲ្យដឹងថាលោក អ៊ិត ភូមិរ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ លោក ទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប និងលោក តិប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ឃុបឃិតគ្នាជាប្រព័ន្ធក្នុងការបើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើ ដើម្បីប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល។
ប្រជាពលរដ្ឋក្នុងស្រុកជាំក្សាន្ត ស្រុកគូលែន ស្រុកត្បែងមានជ័យ និងស្រុករវៀង កំពុងសម្ដែងសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំងពីវិនាសកម្មព្រៃឈើ ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន មិនចាត់វិធានការទប់ស្កាត់បទល្មើសដែលកើតឡើងយ៉ាងរាលដាលនោះទេ។ ផ្ទុយទៅវិញមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនឃុបឃិតជាមួយឈ្មួញដើម្បីជាថ្នូរនឹងផលប្រយោជន៍ ហើយបណ្ដោយឲ្យឈ្មួញដឹកជញ្ជូនឈើតាមរថយន្តធំៗផ្ទុកលើសទម្ងន់ ដោយគ្មានញញើតអ្វីទាំងអស់។ បញ្ហានេះលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ គួរចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ ក្នុងចំណោមក្រុមហ៊ុនដែលបន្តសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ យ៉ាងពេញបន្ទុកនាពេលបច្ចុប្បន្ននេះ គឺក្រុមហ៊ុនអានម៉ារ៉ាឌី និងក្រុមហ៊ុនហុងសុភាព ដោយសារម្ចាស់ក្រុមហ៊ុនទាំង២នេះ មានការឃុបឃិតជាប្រព័ន្ធជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ចពុករលួយ៕