ឧត្តរមានជ័យ ៖ រថយន្តយីឌុបមួយគ្រឿងកំពុងចូលទៅសម្ងំក្នុងតំបន់បរិស្ថានដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព មានសកម្មភាពបង្កប់ឈើក្នុងរថយន្ត ត្រូវបានមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត សហការណ៍ជាមួយនគរបាលប្រឆាំងបទល្មើសខេត្ត ធ្វើការបង្ក្រាបកាលពីវេលាម៉ោង៥ទាបភ្លឺ ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់បរិស្ថាន ដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
លោក គួន រ៉ាឌី មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានឲ្យដឹងថា មុនពេលធ្វើការបង្ក្រាបរថយន្តយីឌុប ដែលចូលទៅសម្ងំក្នុងតំបន់បរិស្ថាន ដែនជម្រកសត្វព្រៃគូលេនព្រហ្មទេពនេះ លោកបានទទួលព័តមានពីបណ្តាញរាយការណ៍មកថា រថយន្តយីឌុបតែងតែចូលដឹកឈើជាញឹកញាប់ បើមានឳកាសដឹកឈើចេញស្មើទ្រុង បើគ្មានឳកាសគ្រាន់តែបង្កប់ឈើក្នុងកន្លែងកែច្នៃរថយន្តបានចំនួន៤ម៉ែត្រគូប។
លោកបានបន្តថា បន្ទាប់ពីបានទទួលព័ត៌មាន លោកបានសហការណ៍ជាមួយមន្ត្រីនគរបាលស្នងការខេត្ត ចុះបង្រាបបានរថយន្តយីឌុបមួយគ្រឿង អត់ស្លាកលេខបង្កប់ឈើលេខពីរយកមកផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែងដើម្បីធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យចាត់ការបន្តតាមនីតិវិធីច្បាប់។
ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ឈ្មួញខាងលើបានរកស៊ីបទល្មើសឈើនៅក្នុងតំបន់បរិស្ថានគូលេនព្រហ្មទេពជាច្រើនឆ្នាំមកហើយ ដោយក្រោមការបើកភ្លើងខៀវរបស់លោក ខេង សុជាតិ ដែលជាប្រធានតំបន់គ្រប់គ្រងចាប់តាំងពីព្រៃឈើស្រោង និងសត្វគ្រប់ប្រភេទរហូតដល់បាត់បង់គ្មានសល់អ្វីទាំងអស់ បើមួយយប់ៗរទេះគោ និងរថយន្ដឈ្មួញដឹកឈើព្រមទាំងអ្នកបរបាញ់សត្វតែប៉ុណ្ណោះ គេបានសង្ស័យថាលោក ខេង សុជាតិ នាយកដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព កំពុងតែសើមមាត់ជាយូឆ្នាំមកហើយ៕