ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋនាំគ្នានិយាយរិះគន់ថា រថយន្តដឹកឈើខុសច្បាប់ប៉ុនៗយក្សហេតុអីក៏សមត្ថកិច្ចជំនាញ ខាងរដ្ឋបាលព្រៃឈើជាច្រើនកន្លែងនៅតាមដងផ្លូវ ដែលមានសង្កាត់រដ្ឋបាលព្រៃឈើ សាលាវិស័យក៏មាន បរិស្ថានក៏មាន ហេតុអីក៏មើលមិនឃើញ ហើយក៏ជាដែនសមត្ថកិច្ចរបស់លោក ឈឿន គុណ នាយផ្នែករដ្ឋបាលព្រៃឈើស្ទោង ដែលទើបតែឡើងមកកាន់តំណែងថ្មីជំនួសលោក តុង យី បែរជាបណ្តែតបណ្តោយឲ្យបទល្មើសដឹកចូលមកកាន់ដេប៉ូឈើដោយរលូន ប្រហែលជាត្រូវថ្នាំដុល្លា សណ្តំរបស់គេហើយមើលទៅ បានជាព្រិលភ្នែកបើកលែងរួចមិនខ្ចីបង្ក្រាប បែរជាខាងប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការខេត្តកំពង់ធំចាប់បានទៅវិញ។
បើតាមការឲ្យដឹងពីលោក វរៈសេនីយឯក កែវ សុផល ស្នងការរងនគរបាលខេត្តកំពង់ធំ ទទួលបន្ទុកផ្នែកប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រាប់ថា កាលពីវេលាទាបភ្លឺថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ មានរថយន្តកូរ៉េដឹកឈើ២-៣ គ្រឿងដឹកឈើគ្មានច្បាប់ចេញមកពីខេត្តព្រះវិហារ យកមកចែកចាយក្នុងទឹកដីខេត្តកំពង់ធំ ក្នុងភូមិអណ្តាស ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ក៏ត្រូវបានកម្លាំងរបស់លោកបង្ក្រាបបានចំនួន១គ្រឿង ចំណែក២គ្រឿងទៀតដឹងខ្លួនក៏បើកគេចបាត់ ខណៈដឹងថាកម្លាំងរបស់យើងចាប់បាន១គ្រឿងហើយនោះ រួចក៏នាំយកមកកាន់ស្នងការដ្ឋានខេត្ត ហើយក៏ធ្វើកំណត់ហេតុប្រគល់ឲ្យទៅខាងផ្នែព្រៃឈើស្ទោង ដែលមានឈើជ្រាយនៅលើរថយន្តចំនួន១១,១០០ម៉ែត្រគូប ចាត់ការតាមផ្លូវច្បាប់។
ពាក់ព័ន្ធករណីការរិះគន់ខាងលើនេះ លោក ឈឿន គុណ នាយផ្នែករដ្ឋបាលព្រៃឈើស្ទោង បានប្រាប់ កោះសន្តិភាពនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះថា រូបលោកជាប់ទៅប្រជុំ២-៣ថ្ងៃ បានផ្ទេរសិទ្ធឲ្យនាយរង តែបើតាមរបាយការណ៍លោកទទួលបានគឺ ឈើនោះគ្មានច្បាប់ទេ ហើយកម្លាំងរបស់លោកពិតជាមានការចន្លោះប្រហោងខ្លះៗមែន តែទោះជាយ៉ាងណាយើងបានសហការណ៍គ្នាបង្ក្រាបបាន៕