កំពង់ចាម៖កម្លាំងនគរបាលស្រុកព្រៃឈរសហការជាមួយស្រុកកំពង់សៀមខេត្តកំពង់ចាមបានឃាត់ខ្លួនលោកសង្ឃមួយអង្គគង់នៅវត្តស្វាយតូងឃុំមៀនស្រុកព្រៃឈរនិងបក្ខពួកពីបទចែកចាយនិងប្រើប្រាស់គ្រឿងញៀនកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦។
លោក សោម រស់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម បានឲ្យដឹងថាជនសង្ស័យទាំងនេះ មានម្នាក់ឈ្មោះ ចិន សុខជា ជាមេចែកចាយគ្រឿងញៀន នៅស្រុកព្រៃឈរតែម្តង ហើយពីរនាក់ទៀតជាក្មេងប្រើប្រាស់គ្រឿងញៀន ដែលបានទិញពីឈ្មោះ ចិន សុខជាត្រូវបានចាប់ខ្លួននៅស្រុកកំពង់សៀម។
ចំពោះជនសង្ស័យទាំង២នាក់មានឈ្មោះឡុងបញ្ញាពេជ្រអាយុ២០ឆ្នាំនៅភូមិត្រពាំងជ្រៃឃុំក្រឡាស្រុកកំពង់សៀម និងឈ្មោះឡុង សេងហ័ង អាយុ ១៧ ឆ្នាំនៅភូមិត្រពាំងជ្រៃឃុំក្រឡា ស្រុកកំពង់សៀម ហើយរឹបអូសវត្ថុតាង ម្សៅក្រាមពណ៌សសង្ស័យ ជាសារធាតុញៀនមួយកញ្ចប់ធំលុយ១០០ដុល្លារនិងទូរសព្ទ័ដៃមួយគ្រឿង។
ជាមួយគ្នានេះព្រះសង្ឃមួយអង្គព្រះនាមវ៉នស្រស់ដែលគង់នៅវត្តស្វាយតូងក៏ត្រូវបានឃាត់ព្រះកាយផងដែរក្រោយនគរបាលជំនាញធ្វើតេស្តទឹកនោមទៅគឺលទ្ធផលបង្ហាញថាវិជ្ជមាន។មន្ត្រីបានបន្តថាក្រោយការចាប់ក្រុមចែកចាយនិងប្រើប្រាស់គ្រឿងញៀនទាំងនេះកម្លាំងប្រតិបត្តិការបានរកឃើញថ្នាំញៀនចំនួន៤កញ្ចប់ផងដែរ។
លោកសោមរស់បានបន្តថាមុនពេលបង្ក្រាបករណីគ្រឿងញៀនខាងលើនេះគឺកម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យជាអនីតិជន២នាក់ រួចក្រោយការសាកសួរទើបឈាន ទៅដល់ការចាប់ខ្លួនមុខសញ្ញា ចែកចាយគ្រឿងញៀន ឈ្មោះ ចិនសុខជាដែលស្នាក់នៅជាមួយជីដូន ជាប់របងវត្តស្វាយតូង។
ក្រោយសួរនាំរួចហើយកម្លាំងប្រតិបត្តិការក្រោមការបញ្ជាផ្ទាល់របស់លោកស្នងការដោយសហការជាមួយអភិបាលស្រុកនិងអាជ្ញាធរមូលដ្ឋានក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាមបានឈានទៅដល់ការចុះឆែកឆេរនៅផ្ទះជីដូនរបស់ជនសង្ស័យរហូតធ្វើឲ្យជននេះបោះថ្នាំចោលមុនរត់គេចខ្លួនតែត្រូវបានចាប់ខ្លួនបានមកវិញ។
ដោយសារតែក្មេងៗដែលប្រើប្រាស់គ្រឿងញៀនទាំងនោះ ស្នាក់នៅក្នុងវត្ត ទើបសមត្ថកិច្ច សម្រេចធ្វើតេស្តរកសារធាតុញៀន ទៅលើព្រះសង្ឃ១០អង្គ តែជាលទ្ធផល មានតែមួយអង្គទេដែលប្រើប្រាស់។
ចំពោះព្រះសង្ឃអង្គនេះកំពុងស្ថិតនៅក្រោមការសួរនាំនៅមន្ទីរធម្មការដើម្បីចាត់ការតាមវិន័យធម៌ខណ:ដែលជនសង្ស័យទាំង៤នាក់ទៀត កំពុងស្ថិតក្រោមការសួរនាំពីសមត្ថកិច្ច ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការតាមនីតិវិធី។ ជាមួយគ្នានេះ បើតាមលោក សោម រស់ កម្លាំងនគរបាលរបស់លោក ក៏ធ្វើការឃាត់ខ្លួនក្មេងៗ ៤នាក់ផងដែរ ពីបទប្រើប្រាស់គ្រឿងញៀន៕