ខេត្តកំពង់ចាម ៖ ជនសង្ស័យ២នាក់ជាក្រុមកាត់សោបន្ទប់យកម៉ូតូ ត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី២០ សីហា ២០១៦ ជាមួយនោះគ្នា ក៏នឹងធ្វើការស្រាវជ្រាវតាមចាប់បក្សពួកបន្តទៀត ព្រមទាំងអ្នកទទួលផលចោរកម្មផងដែរ ។
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តទទួលផែនកណ្តាលយុត្តិធម៌បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ជាម្ចាស់ម៉ូតូឈ្មោះឆាន ឆុំ ភេទប្រុស អាយុ៥៧ឆ្នាំ រួមសមាជិកគ្រួសារ កំពុងដេកលក់លក់ ស្របពេលដល់វេលាម៉ោងជិត៤ទៀបភ្លឺថ្ងៃទី១៩ សីហា ២០១៦ ត្រូវបានក្រុមចោរចូលមកកាត់សោបន្ទប់ក្រោមផ្ទះយកម៉ូតូម៉ាក
C125 ឌ្រីមស៊េរី២០០៨១គ្រឿង ពាក់ស្លាកលេខ1E-5234 យកទៅបាត់ មិនដឹងជាទៅទីណា។
ចំពោះករណីទី២វិញ ស្ថិតត្រង់ចំនុចក្រោមផ្ទះពលរដ្ឋឈ្មោះពិន សុខឃឿ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិថ្មីខ ឃុំរកាគយ ស្រុកកងមាស ក៏មានចោរមួយក្រុម នាំគ្នាបំពុលឆ្កែងាប់អស់៣ក្បាល ។ បន្ទាប់មក លួចកាត់សោយកម៉ូតូC125 ស៊េរី២០០៨ ពាក់ស្លាក
លេខកំពង់ចាម 1P-9400 ដែលមានម្ចាស់ឈ្មោះចឹក ម៉ា ភេទស្រី អាយុ៣៥ឆ្នាំ ដោយយកទៅបាត់ ។ លុះព្រឹកឡើងត្រូវម្ចាស់មិនឃើញម៉ូតូ បានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំរកាគយ ដើម្បីឱ្យជួយអន្តរាគមន៍ តាមរកម៉ូតូដែលបាត់នោះ ។
បន្ទាប់មកជំនាញបានរាយការណ៍មក លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត ក៏ចាត់កម្លាំងធ្វើការស្រាវជ្រាវ រហូតឈានដល់ចាប់ខ្លួនបានជនទាំង២ក្រុមនោះជាបន្តបន្ទាប់ ។
គួរបញ្ជាក់ថា ជនសង្ស័យម្នាក់ឈ្មោះយ៉ាន ថន ហោតូ ភេទប្រុស អាយុ៣៧ឆ្នាំ ភូមិអង្គរជ័យ ឃុំមហាខ្ញូង ស្រុកកោះសូទិន លួចម៉ូតូនៅក្នុងស្រុកព្រៃឈរ ។ ចំណែកម្នាក់ទៀតឈ្មោះប៊ិន ប៉ានិត ហៅសឿនទិត ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិថ្មីខ ឃុំរកាគយ ស្រុកកងមាស ត្រូវចាប់ខ្លួននៅរាជធានីភ្នំពេញ ។