រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវជាប់សង្ស័យថា បានប្រទូស្ដកេរ្តិ៍ខ្មាសលើក្មេងស្រីអាយុ៥ឆ្នាំម្នាក់ រហូតធ្វើឱ្យក្មេងស្រីរងគ្រោះហើមប្រដាប់ភេទ និងមានឈាមរបួសធ្ងន់ធ្ងរ ហើយត្រូវឪពុកម្ដាយនាងដឹង រួចប្ដឹងឱ្យកម្លាំងនគរបាលប៉ុស្ដិ៍ភ្លើងឆេះរទេះចាប់ខ្លួននាំទៅកាន់ផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ប៉ុន្តែទោះជាមានការចង្អុលបង្ហាញពីសំណាក់ក្មេងស្រីរងគ្រោះថា ជននោះជាអ្នកប្រព្រឹត្តលើនាងក្ដី ក៏បុរសនោះបានបដិសេធថាខ្លួនមិនបានធ្វើឡើយ។
ហេតុការណ៍ចាប់ខ្លួនធ្វើឡើង កាលពីវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី១៩ សីហា ២០១៦ ស្ថិតនៅចំណុចផ្ទះជួលក្នុងភូមិព្រៃកីសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពឱ្យដឹងថា ជនជាប់សង្ស័យខាងលើ ឈ្មោះពៅ ខន អាយុ២៩ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុ មានស្រុកកំណើតនៅភូមិតាជ័យ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ៥ឆ្នាំ រងរបួសធ្ងន់ ។
តាមពាក្យបណ្ដឹងរបស់ឪពុកម្ដាយក្មេងស្រីថា ហេតុការណ៍នោះបានកើតឡើងតាំងពីអំឡុងខែកក្កដា ២០១៦ មក ប៉ុន្តែពួកគាត់មិនបានដឹងនោះទេ រហូតដល់ថ្ងៃទី១៩ សីហា ទើបរឿងនោះត្រូវបែកធ្លាយ បន្ទាប់ពីបានឃើញខោកូនស្រីមានប្រឡាក់ទៅដោយឈាមនិង និងមានរុយតាមរោម ព្រមទាំងធំក្លិនស្អុយ ។
ពេលនោះ គាត់បានសួរកូនថា តើមានគេចាប់រំលោភមែន ប៉ុន្តែនាងមិននិយាយស្ដី ដោយមានការសង្ស័យខ្លាំងពេក គាត់បានចាប់ស្រាតខោកូនមើលប្រដាប់ភេទ ទើបឃើញហើមខុសប្រក្រតី និងមានឈាមហូរ និងក្លិនទើបជជីកសួរ ហើយកូនស្រីគាត់បានប្រាប់ថា ឈ្មោះពៅ ខន ហៅប៉ាអាសម្បត្តិ ចាប់នាងចូលទៅក្នុងបន្ទប់ដាក់ឱ្យដេក រួចយកដៃរុកប្រដាប់ភេទនាង ហើយគំរាមមិនឱ្យប្រាប់គេទេ ។ បន្ទាប់ពីទទួលបានដឹងពីកូនស្រីហើយ ទើបពួកគាត់នាំគ្នាដាក់ពាក្យបណ្ដឹងឱ្យនគរបាលចាប់ខ្លួនជននោះ នាំទៅសាកសួរតែម្តង។
នគរបាលបានឱ្យដឹងថា ក្រោយពេលចាប់ខ្លួនជននោះនាំទៅកាន់ផ្នែកព្រហ្មទណ្ឌនគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការបន្ត ហើយត្រូវជននោះបដិសេធថា មិនបានប្រព្រឹត្តដូចជាការចោទប្រកាន់របស់ក្មេងស្រីនោះឡើយ ខ្លួនទៅធ្វើការរោងចក្របាត់ៗ មិនដែលនៅផ្ទះទេ មានពេលឯណាទៅធ្វើបែបនេះនោះ លុះពេលត្រឡប់មកពីធ្វើការវិញ ក៏ស្រាប់តែត្រូវនគរបាលចាប់ខ្លួនបែបនេះតែម្ដង ទាំងខ្លួនមិនដឹងអីសោះ ។