ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងទាំងព្រឹករវាងម៉ូតូរ៉ឺម៉កនិងម៉ូតូរ៉ឺម៉ករបស់សិប្បកម្មទឹកសុទ្ធយីហោ ជា លីហ្សា បើកសមត្ថកិច្ចរកឃើញថា ម្ចាស់សិប្បកម្មនេះបានកេងប្រវ័ញ្ចពលកម្មលើកុមារ និងផ្តល់ប្រាក់ពលកម្មទាប មិនមានសមមាត្រនិងប្រាក់ឈ្នួលដែលច្បាប់កំណត់ ហើយធ្វើឲ្យបះពាល់ដល់ការសិក្សារបស់កុមារ និងបះពាល់ដល់សិទ្ធិកុមារដែលច្បាប់ត្រូវតែការពារ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលេខ២០៤ ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង តែពុំមានបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ។
បើតាមសមត្ថកិច្ចនគបាលក្រុងស្វាយរៀងបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្មេងប្រុសម្នាក់អាយុប្រមាណ១៤ឆ្នាំ បើកម៉ូតូរ៉ឺម៉កដឹកទឹកសុទ្ធយីហោ ជា លីហ្សា ដឹកទឹកសុទ្ធពេញរ៉ឺម៉ក និងមានកុមារម្នាក់ទៀតជិះជាមួយ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿនចំណែកម៉ូតូរ៉ឺម៉ក១គ្រឿងទៀតបើកបរដោយក្មេងអាយុក្រោម១៦ឆ្នាំដូចគ្នា ដឹកទឹកសុទ្ធពេញរ៉ឺម៉ក និងមានក្មេង២នាក់ជិះជាមួយ ក្នុងទិសដៅបញ្ច្រាសទិសយ៉ាងលឿនដូចគ្នា លុះមកដល់ចំណុចកើតហេតុខាងលើក៏បុកគ្នា បណ្តាលឲ្យម៉ូតូរ៉ឺម៉ក១គ្រឿងដាច់កង់របូតចេញរត់ចោលរ៉ឺម៉ក ធ្វើឲ្យអ្នកធ្វើដំណើរតាមដងផ្លូវភយ័ព្រលឹងចុងសក់ ។
សមត្ថកិច្ចបន្តទៀតថា ម្ចាស់សិប្បកម្មទឹកសុទ្ធយីហោ ជា លីហ្សា ឈ្មោះ ប៉ែន ជា មានទីលំនៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។
ទាក់ទិនករណីនេះដែរ លោកវរសេនីយ៍ត្រី វន្ថា អធិការរង នៃអធិការដ្ឋាននគបាលក្រុងស្វាយរៀង បានមានប្រសាសន៍ថា ម្ចាស់សិប្បកម្មទឹកសុទ្ធយីហោ ជា លីហ្សា បានឲ្យក្មេងក្រោមអាយុ១៦ឆ្នាំបើកបរម៉ូតូរ៉ឺមកដឹកទឹកសុទ្ធធ្វើចរាចរណ៍លើដងផ្លូវសាធារណៈ ខុសច្បាប់ចរាចរណ៍ លោកបាននាំក្មេងដែលបើករ៉ឺម៉ក និងរ៉ឺម៉កយកទៅអធិការដ្ឋាននគបាលក្រុងស្វាយរៀង ធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅផ្ទះវិញ ។ ហើយកោះហៅម្ចាស់សិប្បកម្មមកអប់រំដែរ និងធ្វើការផាកពិន័យ ដោយម៉ូតូរ៉ឺម៉ក អត់ស្លាកលេខ ម៉ូតូមានតែគ្រោងឆ្អឹង គ្មានភ្លើងស៊ីញ៉ូ គ្មានកញ្ចក់ មើលក្រោយ គ្មានពាក់មួកសុវត្ថិភាព ។
ទាក់ទិនករណីខាងលើនេះដែរ លោក ហាស់ ប៊ុនធី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឲ្យដឹងថា ម្ចាស់សិប្បកម្មផលិតទឹកសុទ្ធយីហោ ជា លីហ្សា បានឲ្យក្មេងក្រោមអាយុ១៥ឆ្នាំបើកបររ៉ឺម៉កដឹកទឹកសុទ្ធចែកចាយ គឺខុសច្បាប់ចរាចរណ៍ ជាការងារធ្ងន់លើសកម្លាំង ប៉ះពាល់ដល់ការរៀនសូត្រ ការបណ្តុះបញ្ញា ឲ្យប្រាក់ឈ្នួលទាប កេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារ លោកនឹងចាត់កម្លាំងជំនាញឲ្យចុះអធិការកិច្ចក្នុងរឿងនេះ ។ លោកបន្តទៀតថា ច្បាប់ការងារ ក្មេងចាប់ពីអាយុ១៤ដល់១៦ឆ្នាំអាចចូលធ្វើការងារបាន ក៏បន្តែគឺឲ្យធ្វើការងារស្រាលៗ និងត្រូវទុកពេលកុំឲ្យបះពាល់ដល់ការសិក្សា មិនត្រូវឲ្យក្មេងធ្វើការពេញម៉ោងដូចជាមនុស្សចាស់ឡើយ ។
បើតាមក្រុមអង្គការសង្គមស៊ីវិលវិញបានលើកឡើងថា គួរអាជ្ញាធរចុះទៅពិនិត្យជីវភាពគ្រួសារក្មេងដែលបោះបង់ចោលសាលាមកធ្វើការធ្ងន់បែបនេះ តើមានអ្វីជាបញ្ហា មកពីកត្តាជីភាព ឪពុកម្តាយគ្មានលុយឲ្យកូនបន្តការសិក្សា ឬយ៉ាងណា0x017d7 ។ ពេលគ្រោះថ្នាក់ចរាចរណ៍ទើបបែកធ្លាយរឿងកេងប្រវញ្ច័កម្លាំងពលកម្មលើកុមារ ៕