ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋមានការតក់ស្លុត និងខ្លោចចិត្តគ្រប់ៗ ខណៈបងប្អូនបង្កើត៣នាក់បានលង់ទឹកប្រឡាយស្លាប់កាលពីវេលាម៉ោង៤ និង៣៥នាទីល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចប្រឡាយទំនប់ចាស់ ស្ថិតក្នុងភូមិប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។
ប្រភពពីសមត្ថកិច្ចដែលចុះទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយលង់ទឹកនេះមាន ១-ឈ្មោះ កែវពេជ្រ រង្សី ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្ស, ២-ឈ្មោះ កែវពេជ្រ រក្សា ភេទស្រី អាយុ៨ឆ្នាំ ជាសិស្ស, ៣-ឈ្មោះ កែវពេជ្រ សុវណ្ណបញ្ញា ភេទប្រុស អាយុ៥ឆ្នាំ ។ ចំណែក២នាក់ទៀតត្រូវបានគេជួយសង្គ្រោះទាន់មាន ១-ឈ្មោះ កែវពេជ្រ ចរណៃ ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្ស និង ២-ឈ្មោះ វី វិច្ឆិការ ភេទស្រី អាយុ៧ឆ្នាំ ជាសិស្ស ។
ប្រភពបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ទាំង៣នាក់ជាបងប្អូនបង្កើតនឹងគ្នាដែលមានឪពុកឈ្មោះ កែវ ផល្លី អាយុ៤៦ឆ្នាំ ជាប្រធានមណ្ឌលសុខភាពសសរស្ដម្ភ ម្ដាយឈ្មោះ រ័ត្ន រ៉ាដា អាយុ៤៤ឆ្នាំ មុខរបរលក់ថ្នាំពេទ្យ មានទីលំនៅភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ហើយក្មេងរងគ្រោះដល់ស្លាប់ទាំង៣នាក់នេះត្រូវបានឈ្មោះ កែវពេជ្រ ចរណៃ ជាបងស្រីបង្កើតឌុបតាមម៉ូតូទៅលេងទឹកនៅចំណុចកើតហេតុ ។ក្រោយពេលកើតហេតុ សមត្ថកិច្ចបានជួយដឹកសពជនរងគ្រោះទៅលំនៅដ្ឋានដើម្បីឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕