កំពង់ឆ្នាំង ៖ ក្មេងប្រុសជំទង់ម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយរងរបួសផ្ទៃមុខ ទ្រូង និងដាច់ម្រាមដៃស្តាំចំនួន២ដោយសារជនរងគ្រោះយកថ្មទូរស័ព្ទមកកែច្នៃហើយបណ្តាលអោយផ្ទុះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១១ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នៅភូមិក្រាំងស្គាត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ស្ត្រីឈ្មោះសុក រ៉ាន់ ដែលជាម្តាយបង្កើតជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ឡត សារ៉ុម ភេទប្រុស អាយុ១៦ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
ស្ត្រីជាម្តាយបានប្រាប់អោយដឹងទៀតថា នៅមុនពេលកើតហេតុគាត់នៅខាងក្រោមផ្ទះ ចំណែកកូនប្រុសរបស់គាត់សម្ងំនៅលើផ្ទះ ប៉ុន្តែគាត់មិនដឹងថា កូនគាត់ធ្វើអីនោះទេ ស្រាប់តែដល់ពេលកើតហេតុមានសម្លេងផ្ទុះយ៉ាងខ្លាំង និងបានឮសម្លេងកូនរបស់គាត់ស្រែកអោយជួយ ។ពេលនោះពួកគាត់បានស្ទុះឡើងទៅមើល ក៏ប្រទះឃើញកូនរបស់គាត់ដេកសន្លប់ស្តូកស្តឹង និងមានរងរបួសលើផ្ទៃមុខ ទ្រូង និងដាច់ម្រាមដៃ២ផងដែរ ។
ស្ត្រីរូបនេះបានអោយដឹងទៀតថា ឃើញដូចនេះរូបគាត់និងអ្នកជិតខាងប្រញាប់ដឹកកូនតាមគោយន្តយកទៅសង្គ្រោះ នៅមណ្ឌលសុខភាពប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកខាងមណ្ឌលសុខភាពបានហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំងទៅដឹកបញ្ជូនបន្តមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ពាក់ព័ន្ធនិងករណីនេះសមត្ថកិច្ចមូលដ្ឋានបានប្រាប់អោយដឹងថា មូលហេតុដែល បណ្តាលអោយផ្ទុះថ្មទូរស័ព្ទនេះគឺបន្ទាប់ពីជនរងគ្រោះបានច្នៃថ្មទូរស័ព្ទ ធ្វើជាពិលសម្រាប់បំភ្លឺហើយពេលដែលកំពុងតែធ្វើការកែច្នៃនេះ បណ្តាលអោយផ្ទុះរងរបួសយ៉ាងធ្ងន់តែម្តង៕