រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោរគាស់ម្នាក់ក្នុងចំណោមគ្នា២នាក់ បានធ្វើសកម្មភាពគាស់ផ្ទះមួយកន្លែង ដើម្បីលួចទ្រព្យសម្បត្តិ ហើយលួចយកបានតែលុយចំនួន៣ម៉ឺនរៀលប៉ុណ្ណោះ ក៏ត្រូវបានប្រជាពលរដ្ឋទៅទាន់ធ្វើការឡោមព័ទ្ធចាប់បានវាយទាត់ធាក់ម្នាក់មួយដៃមួយជើងទ្រមខ្លួន រួចទើបប្រគល់ឲ្យនគរបាលសាកសួរ និងចាត់ការតាមច្បាប់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នគរបាលបានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យខាងលើនោះ ឈ្មោះ ប៉ៃ រ៉ន ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិឡចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកស្រុកកំណើតនៅក្នុងភូមិកណ្តាល ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង រីឯបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។ ដោយឡែកម្ចាស់បន្ទប់ដែលត្រូវជននោះគាស់ឈ្មោះ ឆន ធាង ភេទស្រី អាយុ២៦ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួល១១៧ជាន់ទី៤ ភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅក្នុងភូមិសាលាវិស័យ ឃុំបោសស្រមោច ស្រុកប្រសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីម្ចាស់បន្ទប់មិនបានស្ថិតនៅក្នុងបន្ទប់នោះទេ ដោយបានទៅដេកលេងនៅក្នុងបន្ទប់ដែលប្អូនរបស់ខ្លួនជួលស្នាក់នៅមួយកន្លែងផ្សេងទៀត។ ខណៈនោះ ជនសង្ស័យក៏បានធ្វើសកកម្មភាព គាស់ទ្វារបន្ទប់ ចូលទៅរើកកាយអីវ៉ាន់នៅក្នុងបន្ទប់ លួចយកលុយបានចំនួន៣ម៉ឺនរៀល រួមនឹងសម្ភារមួយចំនួនទៀតផងដែរ។
បន្ទាប់មកបានយកលុយដែលលួចបាននោះ ប្រគល់ទៅឲ្យបក្ខពួកម្នាក់ទៀត ពេលនោះសំណាងអាក្រក់មកដល់ត្រូវបាន ប្រជាពលរដ្ឋប្រទះឃើញ មានការសង្ស័យ ស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើល និងដេញចាប់បានម្នាក់គឺឈ្មោះ ប៉ៃ រ៉ន រួចបានព្រួតគ្នាវាយទាត់ធាក់ទ្រមខ្លួនទើបបានប្រគល់ឲ្យនគរបាលចាត់ការតាមច្បាប់ ចំណែកបក្ខពួកម្នាក់ទៀតបានគេចខ្លួនបាត់ស្រមោល៕