បង្ក្រាប​សិប្បកម្ម​ដ៏​ធំ​មួយកន្លែង​រឹបអូស​ឈើ​ប្រណីត​បាន​ជិត​១​ពាន់​ដុំ​

22-August-2016 | ដោយ មែន កំសត់

 

​ស្ទឹងត្រែង​៖​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​បាន​ចុះទៅ​បង្ក្រាប​រោង​សិប្បកម្ម​កែច្នៃ​ឈើ​មួយកន្លែង​ស្ថិត​ត្រង់​​ចំណុច​អូរ​ចាំង​ហា​ ​ភូមិ​ស្រឡៅ​ ​ឃុំ​អន្លង់​ជ្រៃ​ ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ជាប់​ព្រំប្រទល់​ស្រុក​ឆែប​ខេត្តព្រះវិហារ ដោយ​រឹបអូស​បាន​ម៉ាស៊ីន​អារ​ជ្រៀក​មួយ​និង​ឈើ​ប្រណីត​បាន​ជិត​១​ពាន់​ដុំ​កាលពី​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៦​។​
​    ​
​លោក រី រស្មី​ ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​គ្រប់គ្រង​តំបន់​នោះ​មិនអាច​សុំ​ការបំភ្លឺ​បានទេ​ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ​នៅ​ព្រឹក​​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៦​ជុំវិញ​ករណី​ចុះបង្ក្រាប​ឈើ​ខុសច្បាប់​នោះ​។​ប៉ុន្តែ​បើតាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា​ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ​ឈ្មោះ​ជឿន​ ​ធឿន​ ​ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​ ​ស្នាក់នៅ​ភូមិ​ឃុំ​ខាងលើ​មាន​ឯកសារ​មួយចំនួន​ទទួលស្គាល់ ដោយ​អាជ្ញាធរ ភូមិ​ឃុំ​និង​ថ្នាក់ស្រុក តាំងពី​ឆ្នាំ​២០១៥​មក​។​

​ឈ្មោះ​ជឿន ធឿន ហៅ​តា​បាក់​ក្រោយពី​ទទួលបាន​សិទ្ធិ​អនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី​រួចហើយ​ក៏បាន​ប្រមូល​ទិញ​ឈើ​ពី​គ្រប់ទិសទី​យកមក​​ស្តុក​ទុក​និង​កែច្នៃ​ឈើ​ដឹក​ចេញ​ជា​បន្តបន្ទាប់​ទៅ​ក្រៅ​ខេត្ត​។​ប៉ុន្តែ​មិនដឹងថា​មុខរបរ​រកស៊ី​មួយ​នោះ​យ៉ាងម៉េច​ទេ​ទើប​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​នគរបាល​ខេត្ត​ចុះទៅ​បង្ក្រាប​នៅពេលនេះ​។​

​ជុំវិញ​ការចុះ​បង្ក្រាប​បទល្មើស​ឈើ​ខុសច្បាប់​នោះ​សមត្ថកិច្ច​បានបញ្ជាក់​ថា​គេ​មិនបាន​ឃាត់ខ្លួន​ម្ចាស់​សិប្បកម្ម​នោះឡើយ​។​ហើយ​ឈើ​ប្រណីត ទាំងអស់នោះ​ក្រោយពី​រឹបអូស​បាន​ត្រូវ​មន្ត្រី​ជំនាញ​បញ្ជា​ឱ្យ​ដឹកជញ្ជូន​ទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​

​របាយការណ៍​មួយ​បានឱ្យដឹងថា​នៅ​ក្រុង​ស្ទឹងត្រែង​មាន​សិប្បកម្ម​កែច្នៃ​ឈើ​ធំៗ​ចំនួន​៩​កន្លែង​សុទ្ធសឹងតែ​ជា​ជនជាតិ​វៀតណាម​។​ទី​១.​ឈ្មោះ​ចាន់​គឹម​ចឹ​ម​ទី​២.​ឈ្មោះ​សុខ​ឃឿន​ទី​៣.​ឈ្មោះ​លីវ​ឆាយ​ឡែ​នទី​៤.​ឈ្មោះ​ហេង​សំនៀង​ទី​៥.​ឈ្មោះ​ផ​នភា​តទី​៦.​ឈ្មោះ​ខាំ​ប៊ុន​ម៉េង​ទី​៧.​ឈ្មោះ​សូលី​ណា​ទី​៨.​ឈ្មោះ​លី​សំ​ហួត​និង​ទី​៩.​ឈ្មោះ​សុខ​ពៅ​។ ប៉ុន្តែ រោង​សិប្បកម្ម​ផ្សេងៗ​ទៀត នៅក្នុង​ក្រុង​ស្ទឹងត្រែង​នោះ​ពុំមាន​ច្បាប់​ត្រឹមត្រូវ​ឡើយ​៕

 

ចំនួនអ្នកទស្សនា

    20598617

  • ថ្ងៃនេះ11181
  • ម្សិលមិញ11441
  • សប្តាហ៍នេះ41011
  • ខែនេះ156161
  • ឆ្នាំនេះ156161
  • សរុប20598617