ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ បានឲ្យដឹងថានៅក្នុងមូលដ្ឋានពួកគាត់មានស្ត្រីម្នាក់ឈ្មោះ ចែពៅ ធ្វើសកម្មភាពបើកលេងល្បែងស៊ីសងទ្រង់ទ្រាយធំនៅក្នុងភូមិគ្រឹះមួយកន្លែងដោយពុំមានមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចហ៊ានប៉ះពាល់ឡើយ។ ប្រភពបានឲ្យដឹងទៀតថា ចែពៅ បើកលេងល្បែងក្នុងភូមិគ្រឹះលេខ៣៣ ផ្លូវព្រះសុរាម្រឹត សង្កាត់ចតុមុខ ខណ្ឌដូនពេញ ហើយមានអ្នកយាមកាមយ៉ាងតឹងរ៉ឹង ព្រោះគេស្គាល់យ៉ាងច្បាស់គ្រប់អត្តសញ្ញាណម៉ូយដែលចូលមកលេងល្បែង។ បញ្ហានេះប្រជាពលរដ្ឋក្នុងសង្កាត់ចតុមុខ បានអំពាវនាវឲ្យលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់វិធានការបង្ក្រាបកន្លែងលេងល្បែងនោះជាបន្ទាន់ ដើម្បីកុំឲ្យប៉ះពាល់ដល់សន្តិសុខសង្គមតទៅទៀត។
តាមការបង្ហើបពីប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជិតកន្លែងលេងល្បែងស៊ីសងនោះ បានឲ្យដឹងថាឈ្មោះ ទ័រ និងចែពៅ បានឃុបឃិតគ្នាបើកលេងល្បែងស៊ីសងក្នុងភូមិគ្រឹះលេខ៣៣ជាយូរមកហើយ ដោយមន្ត្រីអាជ្ញាធរសង្កាត់ ក៏ដូចជានគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ចតុមុខ មិនហ៊ានទីក្បែរនោះទេ។ ប្រភពបានឲ្យដឹងទៀតថា អ្នកចូលលេងល្បែងនៅទីនោះ សុទ្ធតែជាអ្នកមានជីវភាពធូរធារដូចជា ប្រពន្ធមន្ត្រីធំៗ ក្រុមអ្នកជំនួញ ស្រីកំណាន់លោកធំៗ និងក្រុមអ្នកញៀនល្បែងក្នុងកាស៊ីណូជាដើម ព្រោះពួកគេមានជំនឿលើចែពៅ និងឈ្មោះ ទ័រ ក្នុងការរក្សាសន្តិសុខ។ ចែពៅ ធ្លាប់អួតអាងប្រាប់អតិថិជនរបស់ខ្លួនថា ខ្លួនបានបង់លុយឲ្យមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់លើអស់ហើយ ដូច្នេះគ្មានសមត្ថកិច្ចណាមកបង្ក្រាបឡើយ។
ផ្ដើមចេញពីល្បែងស៊ីសងដែលឈ្មោះ ទ័រ និងចែពៅ បើកលេងតាមអំពើចិត្តនោះហើយទើបណ្ដោយឲ្យមានបទល្មើសផ្សេងៗកើតឡើងយ៉ាងពេញបន្ទុកក្នុងខណ្ឌដូនពេញដូចជា អំពើប្លន់ប្រដាប់អាវុធ ចោរឆក់ ចោរគាស់ផ្ទះយកទ្រព្យសម្បត្តិ ក៏ដូចជាបទល្មើសគ្រឿងញៀន។ ដូច្នេះប្រសិនបើលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ និងលោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ មិនទទួលបានផលប្រយោជន៍ពីឈ្មោះ ទ័រ និងចែពៅ ដែលបើកលេងល្បែងស៊ីសងខុសច្បាប់ក្នុងសង្កាត់ចតុមុខទេនោះ គួរចាត់វិធានការបង្ក្រាបឲ្យបានទាន់ពេលវេលា។ ប្រភពខ្លះបានបង្ហើបឲ្យដឹងថា ចែពៅ ដែលមានខ្នងបង្អែករឹងមាំមិនត្រឹមតែបើកលេងល្បែងស៊ីសងក្នុងខណ្ឌដូនពេញប៉ុណ្ណោះទេ គឺមានបើកលេងល្បែងស៊ីសងនៅស្ទើរគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ ដោយមានការឃុបឃិតជាមួយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពុករលួយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បង្ក្រាបអ្នកបើកល្បែងស៊ីសងខុសច្បាប់ដូចចែពៅ និងឈ្មោះ ទ័រ ជាបន្ទាន់ដើម្បីពង្រឹងសន្តិសុខសង្គមផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕