រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កម្មករម្នាក់រួមទាំងសន្លឹកម្នាងសិលា បានរអិលធ្លាក់ពីរថយន្តម៉ាកហ៊ីដាយមួយគ្រឿង ខណៈកំពុងបើកមកដល់ចំណុចផ្លូវកែង បណ្តាលកម្មករនោះបោកស្លាប់ភ្លាមៗ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង២៥នាទីព្រឹកថ្ងៃទី២៣ សីហា ២០១៦ នេះ ស្ថិតនៅខាងក្រោយម៉ុងឌីយ៉ាល់ ផ្លូវ២០២ កែង២០៩ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ។
ប្រភពឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះអូន ទើបចូលធ្វើការបាន៤ថ្ងៃប៉ុណ្ណោះ ។ ចំណែកឯថៅកែជាអ្នកបើករថយន្តឈ្មោះផល សំណាង អាយុ៥៧ឆ្នាំ ជាមេជាងផងដែរ មានទីលំនៅទឹកល្អក់៣ បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខបាត់ដំបង ២A-4564 ។
ប្រភពបន្តថា មុនពេលកើតហេតុ រថយន្តខាងលើធ្វើដំណើរចេញពីផ្ទះនៅទឹកល្អក់៣នោះ ដោយមានដឹកកម្មករ (ជនរងគ្រោះ) និងម្នាងសិលាចំនួន១៥សន្លឹក ក្នុងទិសដៅពីលិច ទៅកើត ។ លុះមកដល់ចំណុចកើតហេតុ ទំនងជារថយន្តមានល្បឿន ហើយជាចំណុចផ្លូវកែងនិងទួល បណ្តាលឱ្យផ្អៀងធ្លាក់ទាំងមនុស្សទាំងម្នាងសិលាតែម្តង ។ ក្រោយកើតហេតុ អ្នកបើកបរត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។