កំពត៖ នាព្រលឹមស្រាងៗថ្ងៃទី២៣ ខែសីហាឆ្នាំ២០១៦នេះ អ្នកភូមិមានការភ្ញាក់ផ្អើល បន្ទាប់ពីប្រទះឃើញបុរសពិការភ្នែកទាំងសងខាងម្នាក់ ដេកដួលស្លាប់នៅលើដងផ្លូវ។ ករណីនេះបានកើតឡើងក្នុងភូមិត្រពាំងរុន ឃុំតាកែន ស្រុកឈូក។បុរសរងគ្រោះឈ្មោះលុយ ថល់ អាយុ ៣៨ឆ្នាំ រស់នៅភូមិត្រពាំងក្តី ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ឱ្យដឹងថា នាព្រលឹមស្រាងៗថ្ងៃទី២៣ ខែសីហា សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋថាមានបុរសម្នាក់បានស្លាប់ នៅលើដងផ្លូវក្នុងភូមិត្រពាំងរុន ឃុំតាកែន ។
តាមរយៈការធ្វើកោសល្យវិច័យជនរងគ្រោះមិនបានទទួលរងនូវការវាយដំ ឬធ្វើទារុណកម្មដោយជនណាម្នាក់ឡើយ ។ បុរសរូបនេះអាចវិលមុខដួល ដោយខ្លួនឯង ព្រោះតែពិសាស្រាច្រើនហួសកម្រិត ត្បិតជនរងគ្រោះជាមនុស្សផឹកស្រា គ្មានពេលស្រាកស្រាន្ត ខណៈដែលខ្លួនពិការភ្នែកទាំងគូនោះ ។
ប្រភពដដែលបន្តថា តាមការបញ្ជាក់របស់អ្នកភូមិឱ្យដឹងថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែសីហា បុរសរូបនេះបានដាស់ហៅអ្នកលក់ ដើម្បីទិញស្រា ។ ប៉ុន្តែដោយសារឃើញស្រវឹងជោកណាស់ទៅហើយ ទើបម្ចាស់ផ្ទះមិនលក់ឱ្យរួចគេក៏បានដើរចេញបាត់ ។ ស្រាប់តែព្រឹកព្រលឹមមានអ្នកប្រទះឃើញស្លាប់បែបនេះតែម្តង ៕