ភ្នំពេញ៖ ស្ត្រីម្នាក់ ដែលមានជំងឺប្រចាំកាយ (ខ្សោយបេះដូង) បានដេកស្លាប់ បន្ទាប់ប្តីប្រពន្ធពីរនាក់នេះ បាននាំគ្នាផឹកស្រាថ្នាំអស់ជាច្រើនលីត្រ កាលពីប្រលប់រួចចូលដេក ស្រាប់តែព្រលឹមឡើងឃើញស្លាប់ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅក្នុងផ្ទះលេខ៤៦៣ក្រុមទី៤ ផ្លូវលំភូមិគង្គារ៍ផុស សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ កាលពីវេលាម៉ោង៥ ទៀបភ្លឺ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានឲ្យដងថា ស្ត្រីរងគ្រោះមានឈ្មោះភាព អាយុ២៧ឆ្នាំ ប្តីមានឈ្មោះ ទន់ កែ អាយុ៤៤ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។ ប្រភពពីសាក្សីនៅក្បែកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីជិតមួយឆ្នាំកន្លងមកនេះ បុរសជាប្តីត្រូវបានប្រពន្ធមុននាំកូន២នាក់ ស្រីម្នាក់ ប្រុសម្នាក់ ចុះចោល ព្រោះតែគាត់អស់ចិត្តនឹងប្តី មិនចេះរកស៊ី គឺគ្មានអ្វីក្រៅពីដើរផឹកស្រា ហើយស្រវឹងរករឿងគាត់ទៀត ។ លុះបានប្រពន្ធថ្មី(ស្ត្រីរងគ្រោះ) បើគិតមកដល់សព្វថ្ងៃមានរយៈពេល៨ខែហើយ បុរសជាប្តីនៅមិនកែចរិកដដែល ថែមទាំងនាំប្រពន្ធផឹកស្ទើរតែរាល់ថ្ងៃទៀត ។
ប្រភពបានបន្តថា នៅយប់កើតហេតុ ម៉ោង ប្រហែលម៉ោង១០ អ្នកទាំងពីរបានទិញស្រាថ្នាំ ផឹកក្នុងផ្ទះកើតហេតុ ក្រោយមកឬទាស់សំដីបន្តិចបន្ទួច រួចនាំគ្នាដេកអស់ទៅ ។ លុះព្រឹកឡើងម៉ោងប្រហែ៥ទៀបភ្លឺ ថ្ងៃទី២៣សីហា ស្រាប់តែប្តីភ្ញាក់ឡើង ឃើញប្រពន្ធខ្លួនស្លាប់បាត់ទៅហើយ ដោយប្តីរូបនោះមិនដឹងប្រពន្ធស្លាប់ ពីពេលណាមកទេ ។ ភ្លាមៗនោះដែរ ប្តីស្ត្រីរងគ្រោះក៍បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច្ច័យឃើញថាស្ត្រីរងគ្រោះពិតជាស្លាប់ ដោយជំងឺគាំងបេះដូង រួចក៍បានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីយ នៅលំនៅឋានជនរងគ្រោះ ៕