ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលឃាត់រថយន្ត HIGHLANDER មួយគ្រឿងដឹកឈើក្រញូងជាង១០ដុំ រីឯម្ចាស់គេចខ្លួនដោយសុវត្ថិភាពកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិព្រៃសហគមន៍តាម៉ែន ភូមិតាម៉ែន ឃុំ/ស្រុកព្រះនេត្រព្រះ។ មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា នៅពេលដែលឃាត់រថយន្ត១គ្រឿងម៉ាក HIGHLANDER ដែលពាក់ស្លាក់លេខភ្នំពេញ 2V-5823 គឺកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានសហការណ៍ជាមួយកម្លាំងនគរបាលអធិការនគបាលស្រុកព្រះនេត្រព្រះបានធ្វើការស្រាវជ្រាវ ហើយកំណត់មុខសញ្ញរថយន្តសង្ស័យ រួចបានដេញតាមប្រផាត់ប្រភីងហើយឃាត់រថយន្ត១គ្រឿងដែលអ្នកបើកបរថយន្តគេចខ្លួនដោយសុវត្ថិភាព រកឃើញមានដឹកឈើក្រញូងក្នុងរថយន្ត។
មន្ត្រីនគរបាលរូបនោះបានបញ្ជាក់ថា ក្រោយពេលកម្លាំងនគរបាលចម្រុះឃាត់រថយន្ត១គ្រឿងឃើញដឹកឈើក្រញូងបាននាំយកមកការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ រហូតដល់ម៉ោង២និង២០នាទីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ មិនទាន់ទម្លាក់ចេញពីរថយន្តរាប់នៅឡើយ តែឈើក្រញូងទាំងតូចទាំងធំមានប្រមាណជាង១០ដុំ។ចំពោះរថយន្តដឹកឈើក្រញូងតាមការស្រាវជ្រាវពីកម្លាំងនគបាលជំនាញ និងកំណត់មុខសញ្ញឈ្មួញបាននាំយកមកពីខេត្តឧត្តរមានជ័យនាំចូលស្តុកទុកនៅខេត្តបន្ទាយមានជ័យ ហើយនាំចេញទៅខេត្តដទៃទៀត។
គួររំលឹកថា មួយរយៈពេលនេះទទួលព័ត៌មានដឹងគឺឈ្មួញបានលួចនាំឈើក្រញូងបាននាំចូលពីប្រទេសថៃឆ្លងកាត់មកខេត្តបន្ទាមានជ័យ យ៉ាងគគ្រឹកគគ្រេងដែលត្រូវបានបង់លុយឲ្យកម្លាំងជំនាញឈរជើងតាមផ្លូវ បើមិនបានបង់លុយឲ្យទេ គឺដេញចាប់ដូចបែបនេះឯង ហើយអ្នកដែលដឹកឈើក្រញូងភាគច្រើនជាកងកម្លាំងសមត្ថកិច្ចជាអ្នករកស៊ី និងប្រព្រឹត្តបទល្មើស៕