រាជធានីភ្នំពេញ ៖ ស្ដ្រីមានផ្ទៃពោះដែលជាជនអនាថាម្នាក់ ដែលកន្លងមករស់បានដោយសារការសុំទាន និងរើសអេតចាយ ហើយស្នាក់នៅតាមចិញ្ចើមផ្លូវ និងសំយ៉ាបផ្ទះប្រជាពលរដ្ឋ និងក្បែររបងរោងចក្រ ហើយក៏តែងតែដើរចុះឡើងៗតាមផ្លូវនោះ។ ពេលនេះបានគ្រប់ខែហើយបានសម្រាលកូនតាមផ្លូវដែលជាកន្លែងទីប្រជុំជន មានមនុស្សម្នាធ្វើដំណើរឆ្លងកាត់ច្រើន ដែលជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលទាំងល្ងាច ហើយមានមនុស្សចោមរោមមើលច្រើនកុះករ ទើបគេបានហៅរថយន្តពេទ្យរបស់អង្គភាព៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ហើយទាំងម្ដាយ និងកូនបានរួចផុតពីគ្រោះផងដែរ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចមុខរោងចក្រ៦ជាន់ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្ត្រីម្នាក់នោះ ឈ្មោះ កែវ ទុំ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិពោធិ៍រៀង ឃុំព្រែករន្ទះ ស្រុកកំពង់លាវ ខេត្តព្រៃវែង នាងមានប្តីដែរ ប៉ុន្តែក្រោយពេលដឹងថានាងមានផ្ទៃពោះ ហើយលោកប្ដីជើងល្អរូបនោះក៏បានចុះចោលនាងដោយគ្មានអាល័យបន្តិចសោះ ទុកឲ្យនាងពពោះម្នាក់ឯងរហូតដល់ពេលសម្រាលបានកូនស្រីម្នាក់បែបនេះតែម្ដង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់នោះដើរចុះដើរឡើង តាមផ្លូវខាងលើបន្ទាប់មកក៏បានឈឺពោះសម្រាលកូន ខណៈនោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្ថិតនៅក្បែរនោះបាននាំគ្នាជួយសែង ដាក់លើរទេះលក់អីវ៉ាន់ជួយសង្គ្រោះបឋម បន្ទាប់មកបានហៅក្រុមសង្គ្រោះបន្ទាន់របស់អង្គភាព៧១១ ទៅជួយសង្គ្រោះ។ ប៉ុន្តែពេលទៅដល់ បម្រុងដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីឲ្យនាងសម្រាលកូននៅក្នុងមន្ទីរពេទ្យ ស្រាប់តែនាងបានសម្រាលបានកូនស្រីម្នាក់បានសម្រេច នៅនឹងកន្លែងនោះតែម្ដង។
បន្ទាប់មកទើបក្រុមសង្គ្រោះ លើកនាងដាក់ប្រង់ការសែងដាក់រថយន្ត ដឹកទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីសង្គ្រោះបន្ទាន់។ គ្រូពេទ្យនៃមន្ទីពេទ្យបង្អែកពោធិ៍ចិនតុង បាននិយាយថា ស្ដ្រីជាជនអនាថានោះ ត្រូវបានប្រជាពលរដ្ឋ និងក្រុមសង្គ្រោះបន្ទាន់ របស់អង្គភាព៧១១ជួយសង្គ្រោះទាន់ពេលវេលា ហើយនាង និងកូនមានសុវត្ថិភាពទាំង២នាក់ ប៉ុន្តែកូននោះមានទម្ងន់ត្រឹមតែ១,១គីឡូក្រាមតែប៉ុណ្ណោះ មិនគ្រប់គីឡូឡើយ ដូច្នេះពួកគេ និងត្រូវបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីសង្គ្រោះបន្តទៀត៕