មណ្ឌលគិរី៖ជំនួញឈើប្រណីតនាំចេញទៅកាន់ប្រទេសវៀតណាមតាមច្រកព្រំដែនក្នុងខេត្តរនគិរីនិងមណ្ឌលគិរីបានចាប់ផ្តើមកក្រើកជាថ្មីក្រោយពីគណៈកម្មការថ្នាក់ជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើដឹកនាំដោយនាយឧត្តមសេនីយ៏សៅសុខាត្រូវបានបង្កើតឡើងកាលពីពាក់កណ្តាលខែមករាឆ្នាំ២០១៦កន្លងទៅហើយនៅពេលនេះត្រូវបានបញ្ចប់។
ប្រភពព័ត៌មានរាយការណ៍ពីខេត្តរតនគិរីបានឱ្យដឹងថាក្នុងកំឡុងខែកក្កដានិងខែសីហាឆ្នាំ២០១៦នេះមានបទល្មើសដឹកជញ្ជូនឈើប្រណីតតាមរថយន្តស៊េរីទំនើបៗនិងរថយន្តសាំងយ៉ុងមានទាំងយប់ទាំងថ្ងៃឆ្ពោះទៅកាន់ប្រទេសវៀតណាមច្រកទ្វារអន្តរជាតិស្រុកអូរយ៉ាដាវខេត្តរតនគិរី។ប៉ុន្មានថ្ងៃមុនសម្តេចតេជោហ៊ុនសែននឹងអញ្ជើញមកសួរទុក្ខប្រជាពលរដ្ឋដោះស្រាយការងារមួយចំនួនជួបសំណេះសំណាលជាមួយមន្ត្រីរាជការក្នុងខេត្តមណ្ឌលគិរីនិងខេត្តរតនគិរីស្រាប់តែមានបទល្មើសដឹកជញ្ជូនឈើទៅកាន់ប្រទេសវៀតណាមមានរថយន្តរហូតដល់ទៅរាប់រយគ្រឿងឯណោះ។ក្រោយពីបេសសកម្មចុះបង្ក្រាបនិងទប់ស្កាត់នាំចេញទៅក្រៅប្រទេសបានបញ្ចប់កាលពីកន្លងទៅគេទើបតែឃើញនៅពេលនេះហាក់បីដូចជាមានបទល្មើសកើនខ្លាំងដូចជាការរៀបចំទុកជាមុន។សមត្ថកិច្ចពាក់ព័ន្ធ មួយចំនួនធ្វើឱ្យប្រជាពលរដ្ឋអស់ជំនឿ ចំពោះអាជ្ញាធរក្នុងខេត្តរតនគិរីនិងមណ្ឌលគិរីក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។ចំណែកអ្នករកស៊ីជួញដូរឈើវិញនោះភាគច្រើនជាឧកញ៉ានិងមន្ត្រីសមត្ថកិច្ចនៅស្ថាប័នខ្លះទៀតផង។សកម្មភាពដឹកជញ្ជូនឈើនៅតំបន់នោះគេដាក់ការសង្ស័យថាអាចនឹងមានការត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធមួយពិសេសអ្នកគ្រប់គ្រងប្រចាំច្រកព្រំដែនតែម្តង។
លោកកែប កត់ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីបានអះអាងកាលពីកន្លងមកថា លោកស្វារគមន៍ចំពោះ សេចក្តីរាយការណ៍អំពីបទល្មើសព្រៃឈើ។លោកថាបើសិនជាប្រទះឃើញបទល្មើសព្រៃឈើណាមួយលោកនឹងបញ្ជាមន្ត្រីជំនាញចុះទៅបង្ក្រាបដល់ទីតាំងនោះភ្លាម។ប៉ុន្តែ បទល្មើសដឹកឈើចេញពីស្រុកកោះញែក ខេត្តមណ្ដលគិរី កាត់តាមស្រុកលំផាត់និងស្រុកវ៉ឺនសៃ ខេត្តរតនគិរីទៅកាន់ច្រកព្រំដែនស្រុកអូរយ៉ាដាវលោកនាយខណ្ឌរដ្ឋបាលព្រៃឈើរូបនោះត្រូវគេមើលឃើញថាមិនបានចាត់វិធានការចុះទប់ស្កាត់ដូចអ្វីដែលខ្លួនបាននិយាយឡើយ។
ដោយឡែកនៅខេត្តមណ្ឌលគិរីមានច្រកដាក់ដាំ ស្រុកអូររាំងនិងស្រុកកែវ សីម៉ាគឺជាច្រកនាំឈើទៅប្រទេសវៀតណាម។ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើនាំចេញពីខេត្តមណ្ឌលគិរីទៅប្រទេសវៀតណាមមានឧកញ៉ាម្នាក់កំពុងតែរត់ការសុំច្បាប់បង្កើតសិប្បកម្មកែច្នៃផលអនុផលព្រៃឈើនៅស្រុកកោះញែកនិងយកអំណាចងារជាឧកញ៉ារត់ការឈើប្រណីតចេញតាមរថយន្តសាំងយ៉ុងពីដាក់ដាំស្រុកអូររាំងខេត្តមណ្ឌលគិរីទៅប្រទេសវៀតណាម។
លោកវង់ សុក្រសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីមិនអាចសុំការបំភ្លឺឱ្យបានក្បោះក្បាយបានទេនៅថ្ងៃទី២៣ខែសីហាឆ្នាំ២០១៦ ជុំវិញឧកញ៉ាម្នាក់រត់ការសុំច្បាប់បើកសិប្បកម្មកែច្នៃឈើនៅស្រុកកោះញែកនិងបទល្មើសនាំចេញឈើខុសច្បាប់ពីខេត្តមណ្ឌលគិរីទៅកាន់ប្រទេសវៀតណាម។លោកវង់សុក្រសេរីបានបញ្ជាក់ថាលោកកំពុងតែធ្វើដំណើរចេញទៅក្រៅប្រទេសនៅព្រឹកថ្ងៃទី២៣ខែសីហាឆ្នាំ២០១៦នេះ៕ -