ខេត្តកំពង់ចាម ៖ ដោយមើលឃើញជញ្ជាំងផ្ទះ កាន់តែមានសភាពចាស់ និងពុកផុយទៅហើយនោះ បុរសម្នាក់ឈ្មោះសាយប៊ុន លីម អាយុ៤៧ឆ្នាំ មានទីលំនៅភូមិចុងខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន បានដើរទៅកាប់ដើមឬស្សីនៅខាងក្រោយផ្ទះ មានចម្ងាយ៥០ម៉ែត្រ ដើម្បីយកមកធ្វើជញ្ជាំងផ្ទះ ។
តែជាអកុសល ខណៈពេលឡើងទៅកាប់ដើមប្ញស្សី បែរជាធ្លាក់មកបុកជង់លិចផ្លែកាំបិតស្លាប់ភ្លាមៗ ដែលហេតុការណ៍នោះកើតឡើង កាលពីវេលាម៉ោង០៥ និង១៥នាទីល្ងាចថ្ងៃទី២៣ សីហា ២០១៦ ត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅពិនិត្យសព ។
លោកវរសេនីយ៍ទោ ប្រេង ហ៊ីម អធិការនគរបាលស្រុកកោះសូទិនប្រាប់ឱ្យដឹងថា កាលពីរសៀលពេល មុនពេលកើតហេតុ បុរសខាងលើចេញពីផ្ទះរបស់ខ្លួន ដោយក្នុងដៃមានកាន់កាំបិតផ្គាក់ និងពូថៅ១ មានផ្លែមុតសំរាប់កាប់ដើមឫស្សី ជាច្រើនដើមមកកាត់ជាបន្ទះបាំងជញ្ជាំងផ្ទះ ដែលចាស់ទៅហើយនោះ។ ក្នុងពេលដែលកាប់បានមួយដើមហើយកាប់បន្តទៀត ដោយបានលុះខ្នែងឫស្សីស្អាតឡើងទៅលើបានកំពស់៦,៥០ម៉ែត្រ ចៃដន្យស្រាប់តែបាក់ខ្នែងធ្លាក់មកដី ហើយត្រូវផ្លែកាំបិតផ្គាក់ដោតលិចត្រង់គល់ដោះស្តាំបណ្តាលឲ្យស្លាប់ ។
ក្នុងពេលនោះ មេឃបានបង្អុរភ្លៀងធ្លាក់ចុះមក លាយឡំទៅដោយខ្យល់បោកបក់ថែមទៀត លុះពេលដែលរាំងភ្លៀងបាត់ប្តីយូរពេក ប្រពន្ធដើរទៅតាមរកមើលប្តី ស្រាប់តែឃើញប្តីបានស្លាប់ ដោយមានដោតជាប់នឹងផ្លែកាំបិត ក៏បានស្រែកទ្រហោរយំទួញសោកអាណិតប្តីជាពន់ពេក ។
ហើយបានហៅសាច់ញាតិមកជួយសែងសពប្តីមកដាក់នៅខាងក្រោមផ្ទះ ក្នុងពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប៉ុស្តិ៍រដ្ឋបាលឃុំមហាខ្ញូង ចុះមកពិនិត្យសពរួមជាមួយនឹងកម្លាំងនគរបាលបច្ចេកទេសស្រុក គឺតាមការពិនិត្យមិនជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ គឺសពពិតជាស្លាប់ដោយកាំបិតដោតជាប់ដោយខ្លួនឯងពេលដែលធ្លាក់ចុះមកកាំបិតនៅពីក្រោមទើបដោតជាប់ដូច្នេះ ។