ភ្នំពេញ៖សម្តេចស ខេងបានដាក់បញ្ជាម៉ឺងម៉ាត់ដល់មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់ខណ្ឌធ្វើយ៉ាងណាឱ្យមានទំនាក់ទំនងកិច្ចសហការល្អជាមួយប្រជាពលរដ្ឋដើម្បីឱ្យពួកផ្តល់ព័ត៌មានពីអសកម្មដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ពួកគាត់ដោយបញ្ចុះបញ្ចូលប្រជាពលរដ្ឋអោយក្លាយជាភ្នាក់ងាររបស់ប៉ូលីសពោលគឺប្រជាពលរដ្ឋម្នាក់ប៉ូលីសម្នាក់។
សម្តេចក្រឡាហោមសខេងបានមានប្រសាសន៍បែបនេះក្នុងពេលសម្តេចឧបនាយករដ្ឋមន្ត្រីបានធ្វើដំណើរទស្សនកិច្ចដើម្បីស្វែងយល់ពីដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ គោលដៅចម្បងផ្តោតសំខាន់លើការពិនិត្យកិច្ចដំណើរការកំណែទម្រង់រដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនិងស្វែងយល់ពីកំណែទម្រង់ការងាររបស់មន្ត្រីនគរបាលដែលបានធ្វើឡើងនៅសាលាខណ្ឌដង្កោកាលពីព្រឹកថ្ងៃទី២៣ខែសីហាឆ្នាំ២០១៦នេះ។
សម្តេចបន្ថែមថាចំពោះមន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់ខណ្ឌត្រូវធ្វើយ៉ាងណាគ្រប់គ្រងទិន្នន័យព័ត៌មានជាមូលដ្ឋានអំពីចំនួននិងទីតាំងរបស់ភោជនីយ៍ដ្ឋាន ខារ៉ាអូខេ ក្លឹបកំសាន្តនានាក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានច្បាស់ងាយស្រួលនៅពេលមានហេតុការណ៍កើតឡើងអាចកំណត់គោលដៅបានច្បាស់លាស់និងរហ័ស។
ក្នុងឱកាសនោះសម្តេចក្រឡាហោមបានជម្រុញឱ្យមន្រី្តមូលដ្ឋានទាំងអស់យកចិត្តទុកដាក់ក្នុងការទប់ស្កាត់ចំពោះបញ្ហាគ្រឿនញៀនដែលកំពុងរាតត្បាតទោះបីធ្លាប់មានការបង្ក្រាបជាច្រើនក៏ដោយតែយើងនៅបន្តដូចភ្លៀងរលឹមដដែល។សម្តេចបានបញ្ជាក់ច្បាស់ថា៖អ្នកដែលថាមិនទទួលខុសត្រូវគឺងាយស្រួលជាងអ្នកថាដែលទទួលខុសត្រូវ។បើត្រឹមតែនិយាយឱ្យរួចពីមាត់វាខុសពីអ្នកនិយាយហើយខំប្រឹងធ្វើ។
សម្តេចបានរំលឹកពីកិច្ចការពារសុវត្ថិភាពនៅអំឡុងពេលមុនបោះឆ្នោតរហូតដល់ក្រោយបោះឆ្នោតនៅឆ្នាំ២០១៣គឺសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បានខិតខំអស់ពីលទ្ធភាពដើម្បីរក្សាបាននូវសុវត្ថិភាពនិងសណ្តាប់សាធារណះបានល្អប្រសើរប៉ុន្តែបែរជានៅមានពាក្យរិះគន់មួយចំនួនមកកាន់សមត្ថកិច្ចទៅវិញ។
ដូច្នេះក្នុងពិធីនោះសម្តេចក្រឡាហោមសខេងបានណែនាំឱ្យអាជ្ញាធររាជធានីភ្នំពេញនិងសមត្ថកិច្ចទាំងអស់បន្តនូវកិច្ចការដ៏ល្អនេះចំពោះការថែរក្សាសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់ជូនប្រជាជនទាំងអស់ដែលប្រទេសយើងឈានទៅរកការបោះឆ្នោតឃុំសង្កាត់នាឆ្នាំ២០១៧ខាងមុខនេះក៏ដូចជាការបោះឆ្នោតសកលឆ្នាំ២០១៨ផងដែរ៕