រាជធានីភ្នំពេញ ៖ នារីម្នាក់ត្រូវជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងឆក់ទូរស័ព្ទបានហើយធាក់ម៉ូតូផ្តួលទៀត បណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា នៅតាមផ្លូវព្រះស៊ីសុវត្ថិ ខាងត្បូងព្រះអង្គដងកើប្រមាណ១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
ស្ត្រីរងគ្រោះឈ្មោះ អ៊ុំ កញ្ញា អាយុ២៤ឆ្នាំ មានទីលំនៅជិតសាកលវិទ្យាល័យការពារជាតិ (សាលាដែក) សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ មានស្រុកកំណើតនៅសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ជិះម៉ូតូស៊ុយហ្សុ៊យគីស្មាស់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 1O-9197 ។ ចំណែកជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងមិនចាំម៉ាក និងស្លាកលេខ បានឆក់ទូរស័ព្ទមួយគ្រឿងម៉ាកសាំស៊ុង ។
តាមអ្នកឃើញហេតុការណ៍និយាយថា នារីរងគ្រោះជិះម៉ូតូតែម្នាក់ឯងតាមផ្លូវព្រះស៊ីសុវត្ថិពីត្បូងទៅជើងដោយដៃកាន់ទូរស័ព្ទនិយាយផង ។ លុះមកដល់ចំណុចខាងលើ ក៏មានជន២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកពីក្រោយ ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទយកទៅបាត់ ។ ភ្លាមនោះ នាងស្រែកថាចោរៗដើម្បីឱ្យគេជួយ ស្រាប់តែមានជន២នាក់ទៀតជិះម៉ូតូមកពីក្រោយ បានធាក់ម៉ូតូនាងឱ្យដួលបោកក្បាលរបួសធ្ងន់រហូតសន្លប់ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជនមួយ ចំណែកម៉ូតូត្រូវបានសម្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលជ័យជំនះ ៕