ក្រុងតាខ្មៅ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពីវេលាម៉ោង០៦ និង១០នាទីព្រឹកថ្ងៃទី២៤ សីហា ២០១៦ នេះ ស្ថិតនៅចំណុចផ្លូវលេខ១០៨ ក្បែររបងពេទ្យជ័យជំនះ ក្នុងភូមិក្រពើហា សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ មានករណីឆេះម៉ូតូមួយគ្រឿងខ្ទេច សល់តែគ្រោងឆ្អឹង និងមនុស្ស២នាក់រងរបួស ពេលកំពុងតែប៉ះកង់ម៉ូតូ ស្រាប់តែមានសាំងហៀរមកឆាបឆេះតែម្តង ។
ប្រភពឱ្យដឹងថា ម្ចាស់ម៉ូតូឈ្មោះរស់ រដ្ឋារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថខេត្ត មានទីលំនៅក្នុងភូមិដើម.គ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។ ចំណែកជាងម៉ូតូឈ្មោះវ៉ែន តូ អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិថ្មីលើ ឃុំព្រះធាតុ ស្រុកអូរាំឪខេត្តកំពង់ចាម មានប្រពន្ធឈ្មោះធី ណាវី អាយុ៣៤ឆ្នាំ និងកូនស្រីឈ្មោះតូ ស្រីនិ អាយុ២ឆ្នាំ រីឯសម្ភារដែលខូចខាតមានម៉ូតូមួយគ្រឿងម៉ាក RSX ស៊េរីឆ្នាំ២០១៥ ស្លាកលេខកណ្តាល 1P-1771 ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ូតូទៅប៉ះ ហើយពេលកំពុងតែប៉ះនោះ ក៏ត្រូវប្រពន្ធជាងម៉ូតូ យកប៊ីដុងសាំងមកចាក់ក្នុងដបទុកលក់ ដែលនៅក្បែរកន្លែងប៉ះម៉ូតូ ស្រាប់តែសាំងហៀរមកក្រៅ ក៏ឆាបឆេះម៉ូតូ និងប៉ះពាល់ដល់មនុស្សតែម្តង ។