ខេត្តកំពង់ឆ្នាំង ៖ មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីវេលាម៉ោង០២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ សីហា ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះហ៊ាម ហេង អាយុ៣៥ឆ្នាំ មានទីលំនៅខេត្តកំពង់ចាម ជាអ្នកជិះក្នុងកាប៊ីនរថយន្តម៉ាកហ៊ីណូ ពាក់ស្លាកលេខប៉ៃលិន 3A-0257 ។ រីឯអ្នកបើករថយន្ត ក្រោយកើតហេតុ បានចុះរត់បាត់ ។
ប្រភពដដែលបន្ថា មុនពេលកើតហេតុ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខកំពង់ចាម3A-4103 បើកបរដោយបុរសម្នាក់ ឈ្មោះមុំ បើកតាមបណ្តោយផ្លូវជាតិពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានឈប់រថយន្ត ដើម្បីមើលកង់ រំពេចនោះ មានរថយន្តម៉ាកហ៊ីណូ បើកមកបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យខ្ទេចកាប៊ីនមុខ និងកៀបជាប់បុរសឈ្មោះហ៊ាម ហេង ស្លាប់ក្នុងកាប៊ីន ចំណែកអ្នកបើកបរ គ្រាន់តែរងរបួសស្រាល ហើយបានគេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលទៅធ្វើការវាស់វែង និងយករថយន្តទាំងពីរគ្រឿងមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុក រលាប្អៀរ ដើម្បីរង់ចាំការដោះស្រាយតាមនិតិវិធី។សមត្ថកិច្ចនគរបាល បានបញ្ជាក់ថាៈ ករណីគ្រោះថ្នាក់ខាងលើ បណ្តាលមកពីអ្នកបើកបររថយន្តខាងមុខឈប់មិនបានប្រុងប្រយ័ត្ន ហើយអ្នកបើកបររថយន្តពីក្រោយបើកក្នុងល្បឿនលឿនពេក ទើប បណ្តាលអោយបុកគេពីក្រោយបែបនេះ ។