រាជធានីភ្នំពេញ ៖ បុរសជនជាតិប៉ាគីស្ថាន២នាក់ និងស្រី្តខ្មែរម្នាក់ ត្រូវសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរមនុស្សឆ្លងដែនខុសច្បាប់ ។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ សីហា ដើម្បីចាត់ការតាមច្បាប់ ។
បុរសជនជាតិប៉ាគីស្ថានពីរនាក់ ត្រូវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពនាំជនរងគ្រោះ៤នាក់ (ស្រី៣នាក់) បំរុងចេញទៅក្រៅប្រទេស កាលពីយប់ថ្ងៃ២១ សីហា ២០១៦ នៅចំណុចមុខផ្សាររាត្រីសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ ជនជាតិប៉ាគីស្ថានម្នាក់ឈ្មោះ NIAZ AHMED អាយុ៥៥ឆ្នាំ និងម្នាក់ឈ្មោះ YAZEF AHMED អាយុ២៤ឆ្នាំ ។
ក្រោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់នេះ កម្លាំងជំនាញបានធ្វើការសាកសួរ ទើបស្រាវជ្រាវបន្ត លុះដល់ថ្ងៃទី២២ សីហា សហការជាមួយនគរបាលខេត្តត្បូងឃ្មុំ ឈានទៅដល់ការឃាត់ខ្លួនស្ត្រីខ្មែរម្នាក់ទៀត ជាមេខ្យល់ឈ្មោះប៊ិន ញ៉ អាយុ៧២ឆ្នាំ នៅចំណុចឃុំរការព៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ជនសង្ស័យត្រូវបានសមត្តកិច្ច កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។