រាជធានីភ្នំពេញ ៖ យុវជនប្រុសស្រីវ័យក្មេង២នាក់ត្រូវបានគេចាប់ញាត់ចូលរថយន្តបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្តកិច្ចទាំង១២ខណ្ឌ តែនៅទីបំផុតទើបដឹងថា គឺឪពុកម្តាយខាងស្រីមកចាប់កូនដែលរត់ចោលផ្ទះមកនៅជាមួយសង្សារសោះ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ តាមផ្លូវបេតុងនៅម្តុំផ្ទះជួលមុខផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីដែលរត់ចោលផ្ទះនោះឈ្មោះ គោក ចិន្ដា អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៅសាលាវិទ្យាល័យទួលអំពិល ស្នាក់នៅផ្ទះជួលភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើត នៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល រត់ទៅរស់នៅបន្ទប់ជួលជាមួយសង្សារមានឈ្មោះ ជា ភក្កី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិ កោះចេក ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ។
តាមសំដីរបស់ម្ដាយក្មេងស្រីរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ពេលរូបគាត់ត្រឡប់មកពីធ្វើការវិញ អត់ឃើញកូនរបស់គាត់នៅផ្ទះ ក៏បានដើររកតែរកមិនឃើញ ពេលនោះមានអ្នកនៅជិតខាងបានមកប្រាប់គាត់ថា កូនរបស់គាត់មានមនុស្សប្រុស២នាក់មកដឹកយកទៅបាត់ហើយ ភ្លាមៗនោះរូបគាត់បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានជាដំណឹង ។ លុះមកដល់ថ្ងៃកើតហេតុ រូបគាត់ទទួលដំណឹងថា កូនរបស់គាត់បាននាំគ្នាទៅលាក់ខ្លួននៅម្ដុំផ្សារទួលពង្រ គាត់ជាឪពុកម្ដាយក៏បាននាំគ្នាទៅរកកូននៅកន្លែងខាងលើទើបប្រទះឃើញកូនរបស់គាត់ ហើយពួកគាត់បាននាំគ្នាចាប់កូនរបស់គាត់ និងយុវជនដែលនាំកូនគាត់រត់ទៅនោះដាក់ក្នុងរថយន្តកូរ៉ូឡា ពាក់ស្លាកលេខ ភ្នំពេញ 2F 2185 ដឹកទៅប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចយុវជនវ័យក្មេងរូបនោះបានសារភាពថា រូបគេពិតជាបាននាំនាងរត់តាមគ្នាពិតប្រាកដមែន ព្រោះពួកគេលួចមានទំនាក់ទំនងជាមួយគ្នាជិត២ខែមកហើយ ហើយនៅពេលដែលពួកគេនាំគ្នារត់ទៅនោះ គឺមាននារីម្នាក់ទៀតដែលរស់នៅក្នុងភូមិកើតហេតុខាងលើនឹងទៅម្នាក់ទៀតផងដែរជាមួយសង្សាររបស់គេ សរុបទៅសង្សារ២គូ តែនារីម្នាក់ទៀតត្រូវបានសង្សារនាងបាននាំខ្លួនទៅលាក់ខ្លួនបន្តទៀតហើយ នៅសល់តែរូបគេ និងនារីជាសង្សារ ត្រូវបានឪពុកម្ដាយរបស់នាងនាំខ្លួនយកទៅឲ្យសមត្ថកិច្ចតែម្ដងទៅ ។ រីឯខាងក្មេងស្រីរងគ្រោះវិញ មិននិយាយស្តីអ្វីទាំងអស់ គឺគិតតែយកដៃខ្ទប់មុខតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុម្ដាយក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅលើបុរសរូបនោះ ឲ្យសមត្ថកិច្ចធ្វើតាមនិតិវិធី ។
ដោយឡែកលោកវរសេនីយ៍ យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានករណីចាប់មនុស្សដាក់ចូលរថយន្ត លោកបានបញ្ជាឲ្យកម្លាំងរបស់លោកចេញស្កាត់គ្រប់ច្រកល្ហក និងបានប្រកាស់តាមវិទ្យុទាក់ទងគ្រប់បណ្តាខណ្ឌទូទាំងរាជធានីភ្នំពេញ ទើបដឹងថា ករណីនេះមិនមែនជាករណីចាប់ជំរិតអីទេ គ្រាន់តែឪពុកម្តាយមកនាំខ្លួនកូនរបស់ដែលបាននាំគ្នារត់ចេញពីផ្ទះតែប៉ុណ្ណោះ ៕