ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាល ក្រុងសិរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ធ្វើការចាប់ឃាត់ខ្លួននៅវេលាម៉ោង៩ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅឃុំពង្រ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង រួចប្រគល់ឲ្យកម្លាំងនគរបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់។លោកវរសេនីយ៍ត្រី ស៊ីវ សុជាតិ អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ថោង សំអៀត ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរជាកម្មករ។
ជននេះកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៨និង៦នាទីយប់ បានលួចយកមកម៉ូតូ១គ្រឿងម៉ាក ហុងដា ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1O-5441 ជារបស់ឈ្មោះ ឆន លឿម ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិ២ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរជាជាងសំណង់។ លោកអធិការនគរបាលក្រុងបានបញ្ជាក់ថា ជនរងគ្រោះ និងជនល្មើសគឺធ្វើការជាមួយគ្នា នៅយប់ថ្ងៃកើតហេតុជនរងគ្រោះ និងជនល្មើសបានជិះម៉ូតូទាំង២នាក់ ទៅភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ដើម្បីទៅលេងផ្ទះសង្សារបស់គេ។
ពេលជិះដល់ស្ពានទី២ ស្ថិតក្នុងភូមិសាស្ត្រ ភូមិ១ សង្កាត់ព្រះពន្លា ឈ្មោះឆន លឿម ចុចទូរស័ព្ទទៅសង្សារបស់គេមិនចូល ក៏ឲ្យលុយ១ម៉ឺន និងម៉ូតូទៅឈ្មោះ ថោង សំអៀត ជនសង្ស័យនេះជិះមកទិញស្រាបៀរលីអូផឹកទាំងអស់គ្នា ក៏ស្រាប់តែបាត់មិនឃើញត្រឡប់ទៅវិញ បានមកប្តឹងសមត្ថកិច្ច នគរបាលក្រុង ហើយទើបសមត្ថកិច្ចនគរបាលយើងបានសួរនាំពីភិនភាគ និងទីលំនៅពីជនរងគ្រោះ ទើបយើងផ្តល់ព័ត៌មាន រួមទាំងភិនភាគទៅកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ចាប់បាននៅថ្ងៃទី២១ ខែសីហា។
ខណៈពេលគេនៅផ្ទះប្រពន្ធរបស់នៅឃុំពង្រ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង ដោយសកម្មភាពនេះជនសង្ស័យបានប្រព្រឹត្តនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំងបានប្រគល់ជនសង្ស័យ និងម៉ូតូមកឲ្យកម្លាំងនគរបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាអ្នករៀបចំសំណុំរឿងចាត់ការតាមនីតិវិធី៕