ខេត្តបន្ទាយមានជ័យ ៖ ក្រុមគ្រួសារមួយបានសម្តែងការព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួនបន្ទាប់ពីមានគេលួចបង្ហោះរូបថតគ្រួសារគាត់ក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយចោទថា ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីខែកក្កដាកន្លងទៅថ្មីៗនេះ ។
គ្រួសារខាងលើនេះមានប្តីឈ្មោះ សួស រីម អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះ សុខ សៀកឡាយ អាយុ៣០ឆ្នាំ មុខរបរប្តូរប្រាក់ និងវេរប្រាក់ វីង មានទីលំនៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ឈ្មោះ សួស រីម បាននិយាយថា ប៉ុន្មានថ្ងៃចុងក្រោយនេះមានបណ្តាញសង្គមហ្វេសប៊ុកអាក់ខោនជាភាសាអង់គ្លេសចំនួន២ ទី១ ឈ្មោះ Sophy Kay និងទី២ ឈ្មោះ Phou Deara បានបង្ហោះរូបគាត់ និងប្រពន្ធគាត់ ដែលរូបនោះថតពេលរៀបអាពាហ៍ពិពាហ៍កាលពីចុងខែធ្នូ ឆ្នាំ២០១១ ដោយវាយប្រហារថា គាត់ជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នាពេលកន្លងមក ដោយរូបរបស់គាត់កែឈ្មោះខ្ញុំជាឈ្មោះអ្នកផ្សេង ។ បុរសខាងលើបានយករូបភាពក្នុងពេលរៀបការមកបង្ហាញ«កោះសន្តិភាព»ហើយពេលពិនិត្យមើលរូបក្នុងអាក់ខោនហ្វេសប៊ុកទាំង២ដែលគេយកទៅបង្ហោះនោះ គឺជារូបតែមួយ ។
គ្រួសារខាងលើនិយាយថា ពួកគាត់មានហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Suos Rim ប៉ុន្តែអះអាងថា តាំងពីបង្កើតជាង១ឆ្នាំមិនដែលប្រើទេ គឺប្អូនប្រុសបង្កើតឲ្យ មិនតែប៉ុណ្ណោះនិយាយថា មិនចេះលេងថែមទៀត ។
គ្រួសារមួយនេះនិយាយទៀតថា ដោយសារបារម្ភពីសុវត្ថិភាពគ្រួសារ ខ្លាចសាច់ញាតិលោកបណ្ឌិត កែម ឡី ក៏ដូចជាមហាជនយល់ច្រឡំ ពិសេសខ្លាចប្រឈមនឹងផ្លូវច្បាប់ ទើបសម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ ដើម្បីឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធជួយរកយុត្តិធម៌ និងសុំឲ្យចាត់វិធានការលើម្ចាស់អាក់ខោនទាំង២ខាងលើដែលបានបង្ហោះរូបភាពគ្រួសារពួកគាត់ទាំងមិនដឹងខ្លួន ។
គ្រួសារខាងលើបានច្រានចោលការចោទប្រកាន់នេះ ហើយបដិសេធមិនដែលស្គាល់ ឬពាក់ព័ន្ធទៅនឹងការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ឡើយ ៕