ខេត្តកំពត ៖ ក្មេងប្រុសអាយុ១០ម្នាក់ឈរចាំរហូត១៥នាទីហើយនៅតែមិនឃើញងើបឡើងមកវិញទៀតក៏រត់ទៅហៅអ្នកភូមិឲ្យជួយ តែជាអកុសលឪពុករបស់ខ្លួនបានលង់ទឹកស្លាប់បាត់ទៅហើយ ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅក្នុងរណ្ដៅដីមានទឹកជម្រៅប្រហែល៣ម៉ែត្រមួយកន្លែងនៅក្នុងភូមិត្រពាំងនៀល ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។
ប្រភពពីសមត្ថកិច្ចស្រុកកំពង់ត្រាចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខែម ឈុំ អាយុ៣៨ឆ្នាំ មានប្រពន្ធ និងកូន៣នាក់ រស់នៅភូមិកើតហេតុខាងលើ ។
ប្រភពពីកូនប្រុសជនរងគ្រោះអាយុ១០ឆ្នាំម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុបន្ទាប់ពីភ្ជួរស្រែរួច ឪពុករបស់ខ្លួននិងអ្នកភូមិជាមួយគ្នា២នាក់ទៀតបាននាំគ្នាផឹកស្រារហូតស្រវឹងរៀងៗខ្លួន ពេលនេះមានអ្នកភូមិម្នាក់ស្រវឹងខ្លាំងដល់ថ្នាក់ដើរដួលៗក៏ត្រូវឪពុករបស់ខ្លួនលើកទៅដាក់នៅទីទួលមួយកន្លែង បន្ទាប់មកស្រាប់តែឪពុករបស់ខ្លួនដើរសំដៅទៅរណ្ដៅដីហើយលោតចូលទៅក្នុងទឹកនោះលិចបាត់តែម្តង ពេលនោះខ្លួនឈរចាំមើល១៥នាទីហើយមិនឃើញងើបវិញសោះ តែក៏មិនអាចជួយអ្វីបាន មានតែរត់ទៅហៅអ្នកភូមិមកជួយចុះរាវរកអស់រយៈពេលប្រហែល១ម៉ោងទម្រាំរាវរកឃើញ ជាអកុសលឪពុករបស់ខ្លួនបានស្លាប់បាត់ទៅហើយ ។ក្រោយពេលកើតហេតុ ក្រុមគ្រួសារក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យសព រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ៕