ខេត្តបាត់ដំបង ៖ អ្នកកាសែត៤នាក់ ត្រូវមេការនិងកម្មករនៅស្ដង់ជ្រូកមួយកន្លែង បានវាយតប់ដណ្ដើមយកកាមេរ៉ាថតរូប កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៤ សីហា ស្ថិតនៅក្បែរព្រំដែនខ្មែរ-ថៃ ក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ពេលដែលព្យាយាមចុះទៅយកព័ត៌មានពីភាពមិនប្រក្រតី នៅក្នុងស្ដង់ជ្រូកដ៏សំបូររឿងអាស្រូវនោះ ។
បើតាមសេចក្ដីរាយការណ៍ឱ្យដឹងថា អ្នកកាសែតទាំង៤នាក់ ដែលរងការជេរប្រមាថ និងវាយតប់ពីមេការស្ដង់ជ្រូកនោះ ១-ឈ្មោះសុខ កុសល ២-ឈ្មោះគង់ រតនា ទាំង២នាក់ នេះជាភ្នាក់ងារកាសែត «ខ្មែរម្ចាស់ស្រុក» ៣-ឈ្មោះហ៊ុំ ចំរើន ជាភ្នាក់ងារ«វិទ្យុ និងទូរទស្សន៏អាស៊ីសេរី» និង៤-ឈ្មោះសាន់ សុខុម ជាភ្នាក់ងារកាសែត «និស្សិតក្មេងវត្ត» ពួកគេត្រូវមេការ និងកម្មករស្ដង់ជ្រូកវាយនៅខាងមុខច្រកចូលស្ដង់ជ្រូក ពេលកំពុងឈរស្រែកសួររកអ្នកយាមពីខាងក្រៅ ។
ប្រភពបញ្ជាក់ថា មេការស្ដង់ជ្រូកឈ្មោះឃីម និងកម្មករ២នាក់ទៀត បានជេរប្រមាថក្រុមអ្នកកាសែតយ៉ាងចាស់ដៃ រួចវាយដណ្ដើមយកកាមេរ៉ាបោកចោល តែមិនបានសម្រេច ហើយក៏បន្ទន់ឥរិយាបទវិញ ។ ស្ដង់ជ្រូកនេះ ជាទីតាំងស្ដុកជ្រូកដ៏ធំមួយ ក្នុងចំណោមទីតាំងចំនួន៣ ដែលនាំជ្រូកចូលពីប្រទេសថៃ តាមច្រកតំបន់ «ភ្នំដី»ស្រុកសំពៅលូន ។ តាមស្ដង់ជ្រូកនីមួយៗ មានរឿងអាស្រូវជាច្រើន បានផ្ទុះឡើងជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការទិញជ្រូកងាប់ពីថៃ និងបង្ហូរទឹកអាចម៍ជ្រូកចូលក្នុងអូរព្រំដែន ។ល។បើតាមព័ត៌មានស្ដង់ជ្រូកខាងលើនេះ ជាសាច់ញាតិមន្ត្រីមានអំណាចនៅស្រុកសំពៅលូននោះ ដូច្នេះហើយទើបថៅកែ និងមេការស្ដង់ជ្រូកនេះ មិនស្វាគមន៍អ្នកសារព័ត៌មាន ។