កំពង់ឆ្នាំង៖ បុរសម្នាក់មានអាការៈ ចុកពេញខ្លួនរហូតដល់សន្លប់ លែងដឹងខ្លួន បន្ទាប់ពីសត្វថ្លែនបានចូលទៅខាំពេលកំពុងដេក ក្នុងមុងទាំងកណ្តាលអធ្រាត ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិចាន់ត្រក ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ។
ក្រុមគ្រួសារបានអោយដឹងថាជនរងគ្រោះ ឈ្មោះឆាយ អាយុ៥៨ឆ្នាំរស់ នៅក្នុងភូមិឃុំខាងលើ ។ នៅក្នុងខណៈពេលដែលក្រុមគ្រួសារគាត់ កំពុងតែដេកលង់លក់ក្នុងដំណេក គឺវេលាពាក់កណ្តាលអធ្រាត្រទៅហើយ ស្រាប់តែឮសម្លេងបុរសរងគ្រោះដែលកំពុងដេកនៅក្នុងមុង បានស្រែកថាចុកខ្លាំងណាស់និងរមួលពេញមុង ឃើញដូចនេះក្រុមគ្រួសារបាននាំគ្នាចូលទៅមើល ឃើញសត្វថ្លែននៅទីនោះ ។ មួយសន្ទុះក្រោយមក ដោយសារពិសសត្វថ្លែនធ្វើអោយជនរងគ្រោះ កាន់តែមានអាការៈចុកខ្លាំងឡើងៗ រហូតដល់សន្លប់បាត់មាត់ឈឹងតែម្តង ។ ឃើញស្ថានភាពដូចនេះក្រុមគ្រួសារ បានដឹកជនរងគ្រោះមកសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំងទាំងយប់ ។ រហូតដល់ព្រឹកថ្ងៃទី២៥ សីហានេះ ជនរងគ្រោះកំពុងសម្រាកព្យាបាល និងស្ថិតក្នុងការតាមដាន របស់គ្រូពេទ្យនៅឡើយ ។
សូមបញ្ជាក់ថាសត្វថ្លែនគឺជាសត្វមួយ ដែលមានពិសខ្លាំងផងដែរដូចនេះ ត្រូវមានការប្រុងប្រយ័ត្នបើមានសត្វខាំ ត្រូវប្រញាប់ប្រញាល់ដឹកមក កាន់មន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីសង្គ្រោះជីវិតជនរងគ្រោះ៕