រាជធានីភ្នំពេញ ៖ បុរសម្នាក់ភ័យស្លន់ស្លោយ៉ាងខ្លាំងរហូតរកកូនសោចាក់ផ្ទះអត់ឃើញបណ្ដាលឲ្យឈ្លក់ និងរោលឡើងខ្មៅពេញមុខដោយសារគ្រោះអគ្គិភ័យឆេះផ្ទះលក់គ្រឿងបំពងសំឡេង និងគ្រឿងភ្លេងយីហោ ធា មឿង ផ្ទះលេខ៤Eo ផ្លូវលេខ២១៧ ស្ថិតក្នុងភូមិ៧ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ។
តាមសម្តីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញផ្សែងហុយជាខ្លាំងចេញពីផ្ទះខាងលើ ពេលឃើញបែបនេះអ្នកជិតខាងបានទៅដាស់ម្ចាស់ផ្ទះ តែមិនឃើញបើកទ្វារទេ ទើបប្រជាពលរដ្ឋប្តឹងសមត្ថកិច្ច និងទម្លុះទ្វារចូលបាញ់ទឹកទុយោចូលទៅក្នុង ប៉ុន្តែដោយសារកម្លាំងភ្លើងឆេះខ្លាំងមិនអាចពន្លត់ឈ្នះ សមត្ថកិច្ចបានហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញមកជួយបាញ់ពន្លត់ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទះខាងលើនេះមួយកំណាត់ខាងមុខលក់គ្រឿងបំពងសំឡេ និងគ្រឿងភ្លេង មួយកំណាត់ខាងក្រោយជាផ្ទះបាយ មានស្តុកគ្រឿងបំពងសំឡេង និងក្រដាស និងមានទ្វារមុខក្រោយ លុះពេលដែលដាស់ម្ចាស់ផ្ទះភ្ញាក់ហើយឃើញមានអណ្តាតភ្លើងឆាបឆេះ ម្ចាស់ផ្ទះភ័យស្លន់ស្លោរបានរត់រកកូនសោអត់ឃើញធ្វើឲ្យបុរសជាម្ចាស់ផ្ទះឈ្លក់ផ្សែងខ្មៅពេញមុខ ។ ទម្រាំតែរកកូនសោចាក់ទ្វារ និងវាយទម្លុះចូលទៅបាញ់ទឹកពន្លត់បាន ចំណែកបុរសជាម្ចាស់ផ្ទះត្រូវបានកូនៗនាំមកអង្គុយនៅមុខផ្ទះជួយបក់ឲ្យ ។
អគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា បណ្តាលមកពីទុស្សេចរន្តអគ្គិសនីបណ្ដាលឲ្យ ឆាបឆេះខូចខាតអស់សម្ភារៈក្នុងផ្ទះផ្នែកខាងក្រោយ តែមិនបានឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាងទេ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន៥គ្រឿងមកបាញ់រហូតដល់ម៉ោង៧ព្រឹកទើបរលត់អស់ទៅវិញ ៕