រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវគេដឹងថា បានលេងហ្គេមបាញ់ត្រីនៅប្លុកត្រពាំងឈូក ក៏ចាញ់អស់លុយពីខ្លួន បានហៅម៉ូតូឌុបដឹកទៅផ្សារឃ្លាំងរំសេវ ដើម្បីទៅយកលុយពីកន្លែងបញ្ចាំទូរស័ព្ទបន្ថែមទៀត តែអត់បាន និងអត់ទាំងមានលុយឱ្យថ្លៃម៉ូតូឌុប ក៏ប្រទូស្តរ៉ាយប្រតាយប្រតប់គ្នា បណ្តាលឱ្យផ្អើលប្រជាពលរដ្ឋចោមរោមមើល កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៦ សីហា ត្រង់ចំណុចមុខផ្ទះមួយកន្លែង តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមប្រភពឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់មិនស្គាល់ឈ្មោះ បានចូលលេងហ្គេមបាញ់ត្រីចាញ់លុយអស់ ហើយក៏បានហៅម៉ូតូឌុបជិះចេញពីត្រពាំងឈូក នៅមុខមន្ទីរពេទ្យព្រះកុសុមៈ បំណងចេញទៅផ្សារឃ្លាំងរំសេវ ក្នុងតម្លៃ១ម៉ឺនរៀល ដើម្បីទៅយកលុយបន្ថែមពីកន្លែងដាក់បញ្ចាំទូរសព្ទ័ ។
ពេលទៅដល់អ្នកបញ្ចាំទូរស័ព្ទមិនព្រមឱ្យលុយថែមទៀតទេ ទើបបុរសរូបនោះ ចង់ឱ្យអ្នករត់ម៉ូតូឌុបជូនរូបគេទៅផ្ទះទៅយកលុយនៅឯផ្ទះ តែយប់ស្ងាត់ អ្នករត់ម៉ូតូឌុបអត់ហ៊ានទៅ ។ ម្យ៉ាងទៀតមើលទៅបុរសនោះ ហាក់ដូចមានសភាពមិនសូវទុកចិត្ត ក៏បានឌុបបុរសខាងលើ ទៅដាក់នៅមុខផ្ទះសំណាក់អង្គរមាសវិញ ហើយបានទារថ្លៃម៉ូតូឌុប តែបុរសនោះគ្មានលុយឱ្យ ធ្វើឱ្យអ្នករត់ម៉ូតូឌុបខឹងបានឈ្លោះប្រកែកគ្នា ត្រូវបានបុរសរូបនោះវាយទៅលើអ្នករត់ម៉ូតូទៅវិញទៅមករងរបួសស្រាលទាំង២នាក់ ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចចុះទៅអន្តរាគមន៍ ។
ក្រោយពេលកើតហេតុ ខាងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ ហើយបានសួរដំណើររឿង ទើបដឹងថាដោយសារតែជិះម៉ូតូមិនឱ្យលុយ ទើបឈ្លោះគ្នាផ្អើលគេបែកផ្សែងដូចនេះ សមត្ថកិច្ចបានសម្រួលអោយភាគីទាំងសងខាងទៅផ្ទះរាងៗខ្លួនព្រោះខាងម៉ូតូឌុប ក៏មិនចង់ប្ដឹងប្តល់វែងឆ្ងាយដែរ ។