រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់ផ្អើល កាលពីវេលាយប់ថ្ងៃទី២៥ សីហា ២០១៦ បន្ទាប់ពីកើតជម្លោះហិង្សារវាងបុរស២នាក់ រហូតម្នាក់ទៅយកកាំបិតផ្គាក់ កាប់លើគូជម្លោះប៊ិះដាច់.ក ស្ថិតត្រង់ចំណុចភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។
ប្រភពឱ្យដឹងថា គូជម្លោះទាំង២នាក់ម្នាក់ឈ្មោះយ៉ យ៉ាំងសែ អាយុ៣២ឆ្នាំ ជនជាតិវៀតណាម (របួសត្រង់.ក) ត្រូវគេបញ្ជូនទៅសង្គ្រោះ និងម្នាក់ទៀតឈ្មោះភិន ឡុង អាយុ៥០ឆ្នាំ (ជនដៃដល់) ទាំង២នាក់ មានទីលំនៅក្នុងភូមិជាមួយគ្នា ។
ប្រភពបន្តថា មុនពេលកើតហេតុ ទាំង២នាក់បានឈ្លោះជេរប្រមាថគ្នាតាំងពីរសៀលមកម្ល៉េះ ហើយត្រូវសមត្ថកិច្ចចុះអន្តរាគមន៍រួចម្តងហើយ ។ លុះនៅវេលាម៉ោងជាង០៧យប់ថ្ងៃដដែល ក៏ផ្ទុះរឿងមួយសាទៀត គេឃើញបុរសវៀតណាម (ជនរងគ្រោះ) បានយកដំបងទៅវាយបុរសនោះ ធ្វើឱ្យគាត់រត់ឡើងទៅលើផ្ទះទាញកាំបិតផ្គាក់ មកកាប់ទៅលើបុរសវៀតណាមវិញចំត្រង់.កតែម្តង ។ ក្រោយកើតហេតុភ្លាមៗ បុរសដែលកាប់គេនោះត្រូវឃាត់ខ្លួនភ្លាមៗផងដែរ ។