កណ្ដាល៖ ករណីហិង្សាក្នុងវង់ផឹកស៊ីមួយកើតឡើង កាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី២៥ សីហា ២០១៦ ស្ថិតនៅចំណុចមុខអគារឃ្លាំង ក្នុងភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល បណ្តាលឱ្យមានមនុស្សរងរបួស ។
ប្រភពឱ្យដឹងថា ជនរងគ្រោះឈ្មោះសុន ជីវិត អាយុ២៥ឆ្នាំ ជាជាងជួសជុលម៉ូតូ (របួសក្បាល២កន្លែង និងបាក់កំភួនដៃឆេ្វង១កន្លែង) មានទីលំនៅក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។
ចំណែកម្នាក់ទៀតជាជនដៃដល់ឈ្មោះម៉ិល ចំណាប់ ហៅកាទិច អាយុ២១ឆ្នាំ (កំពុងគេចខ្លួន) មានទីលំនៅក្នុងភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ កម្លាំងដកហូតបានវត្តុតាងដែកបំពង់ទីបបួនជ្រុងប្រវែង1,60ម៉ែត្រ ប្រឡាក់សុទ្ធតែឈាម ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាជាមួយជនសង្ស័យដែលមានគ្នាទាំងអស់៥នាក់ ១-ឈ្មោះអ៊ុច ភារម្យ ភេទប្រុស អាយុ២៩ឆ្នាំ ២-ឈ្មោះឆាយ ភារុណ ហៅឌុន ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មករសំណង់ ៣-ឈ្មោះវ៉ាន់ វុធទី ភេទប្រុសអាយុ១៩ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ ទាំង៣នាក់មានទីលំនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ចំណែក២នាក់ទៀត គឺជនដៃដល់ និងជនរងគ្រោះ គឺផឹកស្រាថ្នាំអស់ចំនួន៤លីត្រនៅមុខអាគារឃ្លាំងចំណុចកើតហេតុ រហូតដល់ស្រវឹង ជនរងគ្រោះទាស់សម្តីជាមួយជនសង្ស័យឈ្មោះឆាយ ភារុណ និងឈ្មោះវ៉ាន់ វុធទី ដោយបានទះកំភ្លៀង និងធាក់ទាំង៣នាក់ទៀត រហូតមានការប្រតាយប្រតប់គ្នា ។
ពេលនោះ ជនសង្ស័យយកដែកបំពង់ទីបបួនជ្រុង មកវាយជនរងគ្រោះចំក្បាលរបួស២កន្លែង និងវាយត្រូវកំភួនដៃឆ្វេង បណ្ដាលឱ្យបាក់កំភួនដៃឆ្វេង ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ ។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងស្រាវជ្រាវរកមុខសញ្ញា ដើម្បីចាត់ការតាមច្បាប់ ។