រាជធានីភ្នំពេញ ៖ បុរសពិការម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ខណៈដេកនៅក្នុងបន្ទប់តែឯងដាក់ដៃទៅប៉ះប្រ៊ីភ្លើង ដែលកូនតដាក់ឱ្យឪពុកស្តាប់វិទ្យុ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី២៦ សីហា ២០១៦ ស្ថិតនៅចំណុចផ្ទះលេខបេ៥៨ ក្នុងបុរីប្ញស្សីកែវ ក្នុងភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះជា ចំរើន អាយុ៥៨ឆ្នាំ ជាជនពិការដោយសារជំងឺ មានទីលំនៅកន្លែងកើតហេតុ ។ បើតាមក្រុមគ្រួសារបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដេកក្នុងបន្ទប់តែម្នាក់ ដែលជាទូទៅព្រឹកឡើង កូនប្រុសតែងតែងូត ទឹកឱ្យ ។ លុះនៅព្រឹកនោះកូនបានចូលទៅក្នុងបន្ទប់ ក៏ប្រទះឃើញឪពុកដេកស្លាប់លើគ្រែនៅក្នុងបន្ទប់ ដោយដៃជាប់ព្រីភ្លើង ក៏ធ្វើឱ្យមានការភ្ញាក់ផ្អើលកើតឡើង ។
បើតាមកូនប្រុសឱ្យដឹងថា ឪពុកបានធ្លាក់ខ្លួនពិការប្រមាណ១០ឆ្នាំមកហើយ ដោយសារតែជំងឺ ។ ទាក់ទិននឹងការស្លាប់នេះ ត្រូវកូនៗអះអាងថា ឪពុកស្លាប់ដោយចរន្តអគ្គិសនីឆក់ដោយខ្លួនឯង ហើយពុំប្តឹងប្តល់ឡើយ ។ នៅព្រឹកថ្ងៃដដែល សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានចុះទៅត្រួតពិនិត្យសព និងបានសាកសួរក្រុមគ្រួសារ ហើយត្រូវលោកតូច គឹមសុង នាយប៉ុស្តិ៍ប្ញស្សីកែវ បានចូលបុណ្យ ចំនួន១០ម៉ឺនរៀល ៕