ខេត្តស្ទឹងត្រែង ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានបញ្ជូនជនសង្ស័យម្នាក់ទៀតជាមួយសំណុំរឿងទៅកាន់សាលាដំបូង នារសៀលថ្ងៃទី២៦ ខែសីហា ពីបទលួចដែលប្រព្រឹត្តជាបន្តបន្ទាប់ ក្រោយចាប់ខ្លួនកាលពីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦។ លោកវរៈសេនីយ៍ឯក ហោ វុទ្ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើត្រូវជំនាញតាមឃាត់ខ្លួនក្រោយការស៊ើបអង្កេតជាមុខសញ្ញាចាស់ដោយមានការបញ្ជាក់បង្ហាញពីក្រុមរបស់ខ្លួន ក្រោយពីសមត្ថកិច្ចជំនាញចាប់ខ្លួនកាលពីយប់ ថ្ងៃទី២២ខែសីហា នៅឃុំក្បាលរមាស ស្រុកសេសានកន្លងទៅ។
លោកនាយការិយាល័យបានបញ្ជាក់ថា ម៉ូតូដែលកម្លាំងនគរបាលបានដកហូតពីក្រុមសង្ស័យ ក្រោយធ្វើសកម្មភាពលួចបានសម្រេចហើយយកទៅដើរលក់ចំនួនពីរគ្រឿង កាលពីថ្ងៃទី២២ ខែសីហានោះ បានរកឃើញម្ចាស់ម្នាក់ហើយនៅភូមិស្រែពោធិ៍ ដោយឡែកម៉ូតូមួយគ្រឿងទៀតនៅមិនទាន់រកម្ចាស់ឃើញនៅឡើយទេ។ គួរបញ្ជាក់ថា ជនសង្ស័យមានគ្នាជាក្រុម ដោយកាលពីយប់ថ្ងៃទី២២ ខែសីហា កម្លាំងនគរបាលចាប់ខ្លួនបានម្នាក់ និងរត់គេចខ្លួនបាត់ម្នាក់ លុះនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ កម្លាំងនគរបាលព្រហ្មទណ្ឌចាប់ខ្លួនជនសង្ស័យបានម្នាក់ទៀត និងរត់គេចខ្លួនម្នាក់ ហើយជនដែលរត់គេចខ្លួនលើកទី២នោះជាជនតែមួយដែលបានរត់គេចខ្លួនក្នុងករណីយប់ថ្ងៃទី២២ ខែសីហានោះដដែល។
មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានបន្ថែមឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួននេះមានឈ្មោះ ពីន សុឃីន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកោះសំពាយ ឃុំកោះសំពាយ ស្រុកសៀមបូក បានធ្វើសកម្មភាពលួចម៉ូតូមន្ត្រីនគរបាលស្រុក ដោយធ្វើសកម្មភាពមានគ្នាពីរនាក់ ត្រូវកម្លាំងនគរបាលចាប់ម្នាក់ និងរត់គេចខ្លួនម្នាក់។ ក្រោយសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងនៅរសៀលថ្ងៃដដែល កម្លាំងនគរបាលព្រហ្មទណ្ឌបានប្រគល់ម៉ូតូជនទៅម្ចាស់ដើមវិញផងដែរ។
លោកវរៈសេនីយ៍ឯក ហោ វុទ្ធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជាក់ប្រាប់កោះសន្តិភាពថាជនសង្ស័យឈ្មោះ ពីន សុខឃីន ជាមុខសញ្ញាជាប់ពន្ធនាគារទើបចេញ ដែលបានលួចម៉ូតូប្រជាពលរដ្ឋនៅគីឡូម៉ែត្រលេខ១២ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែងកាលពីថ្ងៃទី៩ហើយត្រូវចាប់ខ្លួនបញ្ចូនទៅពន្ធនាគារថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥។ សមត្ថកិច្ចឲ្យដឹងថា ក្រុមបក្ខពួកដែលធ្វើសកម្មភាពលួចម៉ូតូដែលកម្លាំងនគរបាលចាប់ខ្លួន និងរត់គេចខ្លួនទាំងនោះសុទ្ធសឹងជាកូនអ្នកភូមិនៅខេត្តស្ទឹងត្រែងតែម្តង។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់។ រីឯជនសង្ស័យសកម្មភាព និងពូកែគេចខ្លួនម្នាក់ទៀតសមត្ថកិច្ចកំពុងបន្តតាមចាប់ខ្លួនផងដែរ៕