ខេត្តសៀមរាប ៖ បុរសម្នាក់បានរត់ត្រហេបត្រហបទៅហៅអ្នកជិតខាងឲ្យមួយជួយបន្ទាប់ពីប្រទះឃើញប្រពន្ធនៅក្នុងទឹកស្រះ នៅពេលស្រង់ឡើងគោករួចទើបដឹងថាប្រពន្ធរបស់គាត់ស្លាប់បាត់ទៅហើយ ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅជិតស្រះទឹកក្រោយផ្ទះស្ត្រីរងគ្រោះ ស្ថិតនៅភូមិអន្សងពង ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ។
លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ព្រំ ឡែម ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ។
ប្រភពពីប្តីស្ត្រីរងគ្រោះឈ្មោះ ហេង ឆៃ បានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា រូបគាត់បានចេញទៅប្រកបមុខរបរនៅឯក្រៅផ្ទះដូចសព្វមួយដង ពេលត្រឡប់មកផ្ទះវិញមិនឃើញប្រពន្ធ ក៏បានដើរគ្រប់ទីកន្លែងនៅតែរកមិនឃើញ ស្រាប់តែពេលទៅរកជិតស្រះទឹកខាងក្រោយផ្ទះក៏ប្រទះឃើញប្រពន្ធនៅក្នុងទឹកស្រះ ភ្លាមៗនោះគាត់បានរត់ទៅហៅអ្នកជិតខាងឱ្យគេមកជួយស្រង់ចេញពីទឹកយកមកដាក់លើគោក ប៉ុន្តែស្រះទឹកនោះបានឆក់យកជីវិតប្រពន្ធរបស់គាត់បាត់ទៅហើយ ។
ប្តីស្ត្រីរងគ្រោះបញ្ជាក់ថា ក្រោយពីស្រង់ប្រពន្ធដាក់លើគោកហើយ គាត់សន្និដ្ឋានថា ប្រហែលជាប្រពន្ធរបស់គាត់ចុះទៅដងទឹកស្រះ ហើយរអិលជើងធ្លាក់ចូលក្នុងទឹកស្រះបណ្ដាលឱ្យលង់ស្លាប់តែម្តងទៅ ដោយសារគាត់មិនចេះហែលទឹកផង ម្យ៉ាងវិញទៀតគាត់មានជំងឺប្រចាំកាយ(ស្កន់ជាន់)ផង ។
ក្រោយពីសមត្ថកិច្ចនគរបាលមូលដ្ឋានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យទៅលើដងខ្លួនសាកសពរួចមក សន្និដ្ឋានថា ស្ត្រីរងគ្រោះពិតជាលង់ទឹកស្លាប់ដោយខ្លួនឯងពិតប្រាកដមែន មិនមែនជាករណីឃាតកម្មអ្វីនោះទេ ។បច្ចុប្បន្នសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕