រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ បន្ទាប់ពីម្ដាយរបស់នាងអត់លុយមើលជំងឺ ហើយបានយកខ្សែកប្លាទីន១ខ្សែ តម្លៃ២៦០ដុល្លារ ទៅដាក់បញ្ចាំនៅកន្លែងលក់មាសប្ដូរប្រាក់មួយកន្លែងលេខ១៧៣ នៅក្នុងផ្សារកាណាឌីយ៉ា ក្នុងតម្លៃត្រឹម៥០ដុល្លារតែប៉ុណ្ណោះ ដោយកំណត់រយៈពេល១ខែត្រូវលោះយកវិញ បើមិនដូច្នេះទេនឹងត្រូវដាច់។
ប៉ុន្តែបានរយៈពេលត្រឹមតែកន្លះខែប៉ុណ្ណោះ កូនស្រីបានយកលុយទៅលោះយកខ្សែកមកវិញតែពេលទៅដល់ តូបដែលដាក់បញ្ចាំនោះ ត្រូវបានអ្នកទទួលបញ្ចាំប្រាប់ថា អត់បានយកខ្សែនោះមកទេគឺនៅផ្ទះ ហើយកូនស្រីម្ចាស់ខ្សែក ក៏បានត្រឡប់ទៅផ្ទះវិញ រហូតក្រោយមកទើបទៅម្ដងទៀត លោះមិនបានដដែលដោយសារតែ លើសកំណត់រយៈពេល៣ថ្ងៃ គឺអ្នកទទួលបញ្ចាំមិនព្រមឲ្យ និងបានជម្រុញឲ្យជនរងគ្រោះទៅប្ដឹងដល់ណាក៏ប្ដឹងទៅ ដោយសំអាងទៅលើការលើសកំណត់រយៈពេលនៅក្នុងកិច្ចសន្យាបញ្ចាំ។
ក្រោយពេលមិនព្រមប្រគល់ខ្សែកឲ្យវិញ ហើយជំរុញឲ្យប្ដឹងថែមទៀតនោះ ទើបកូនស្រីម្ចាស់ខ្សែក បានទៅប្ដឹងនគរបាលប៉ុស្ដិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ឲ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦។ ស្ត្រីដែលទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលនោះឈ្មោះ ធឿន ចាន់ធី អាយុ៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ចំណែកម្ដាយរបស់នាងដែលយកខ្សែកទៅដាក់បញ្ចាំនោះឈ្មោះ អ៊ុន ណាត អាយុ៥៧ឆ្នាំ ជាកម្មការិនីផ្នែកអនាម័យ នៅក្នុងរោងចក្រកាត់ដេរ អ្នកទាំងពីរនាក់ មានទីលំនៅក្នុងភូមិរកាកោង ឃុំព្រែកព្នៅ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ដោយឡែកខ្សែកដែលគាត់យកទៅដាក់បញ្ចាំនោះ មានតម្លៃ២៦០ដុល្លារអាមេរិក។ ស្ត្រីឈ្មោះ ធឿន ចាន់ធី ដែលជាកូនបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ម្ដាយរបស់នាងបានយកខ្សែក១ខ្សែនោះទៅដាក់ បញ្ចាំនៅតូបលក់មាសប្ដូរប្រាក់លេខ១៧៣ ក្នុងផ្សារកាណាឌីយ៉ា ក្នុងតម្លៃត្រឹមតែ៥០ដុល្លារតែប៉ុណ្ណោះ ហើយអ្នកទទួលបញ្ចាំបានទារការប្រាក់ចំនួន១០ដុល្លារ ក្នុងកាលកំណត់រយៈពេល១ខែ។ ដោយគិតចាប់ថ្ងៃដាក់បញ្ចាំ គឺថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦។ នាងមានការភ័យខ្លាចបាត់បង់ខ្សែកណាស់ ព្រោះនាងមានតែប៉ុណ្ណឹង ហើយដោយ សារតែខ្វះខាតលុយទិញថ្នាំឲ្យម្ដាយ ទើបសម្រេចចិត្តឲ្យម្ដាយយកវាទៅបញ្ចាំ។
លុះបានរយៈពេលកន្លះខែ នាងបានយកលុយចំនួន៥០ដុល្លារទៅលោះយកខ្សែកមកវិញ ប៉ុន្តែពេលទៅដល់ត្រូវបានម្ចាស់តូបនោះ ប្រាប់ថាអត់បានយកខ្សែកមកទេ ទើបនាងត្រឡប់ទៅផ្ទះវិញ ហើយដោយរវល់មើលម្ដាយឈឺ ទើបភ្លេចរឿងខ្សែក លុះដល់ថ្ងៃទី២៤ ខែសីហា នាងបានទៅលោះយកម្ដងទៀត ប៉ុន្តែម្ចាស់តូបដែលជាអ្នកទទួលបញ្ចាំនោះ មិនព្រមប្រគល់ឲ្យឡើយ ដោយសំអាងថា ហួសកំណត់រយៈពេល៣ថ្ងៃហើយ ដោយជននោះមិនបានគិតពីកាលដែលនាងទៅលោះ កាលពីកន្លះខែមុនមិនយកឲ្យនាងឡើយ មិនតែប៉ុណ្ណោះបានជម្រុញឲ្យនាង ទៅប្ដឹងដល់ណាក៏ប្ដឹងទៅ ទើបពេលនេះនាងរត់រកនគរបាលឲ្យជួយព្រោះគ្មានជម្រើសក្រៅពីនេះឡើយ។ ក្រោយពេលទៅដល់ប៉ុស្ដិ៍ចោមចៅ នគរបាលមិនបានទទួលពាក្យបណ្ដឹងនោះទេ ដោយឲ្យនាង ត្រឡប់ទៅផ្ទះវិញសិនរង់ចាំថ្ងៃទី២៧ ខែសីហា នគរបាលនឹងទៅកាន់តូបទទួលបញ្ចាំនោះជាមួយនាង និងជួយនិយាយដោះស្រាយឲ្យ គឺជូននាងដោយផ្ទាល់នៅទីនោះតែម្ដង។
ទោះបីជាបែបនេះក្តី ម្ចាស់តូបខាងលើនោះ ហាក់ដូចជាចង់បានរបស់គេខ្លាំងណាស់ កាលើសកំណត់រយៈពេលគឺលើសហើយ ចុះកាលពេលទើបបញ្ចាំ បានរយៈពេលកន្លះខែនាងទៅលោះវិញ មិនព្រមឲ្យនោះម៉េចមិនគិតផង ដល់គេលើសត្រឹម៣ថ្ងៃសោះ មិនព្រមឲ្យវិញ គួរណាស់តែគិតការប្រាក់តាមនឹងទៅទើបល្អ និងគ្មានបញ្ហាកើតឡើង៕