ខេត្តកំពត ៖ បុរសជាកម្មកររោងចក្រស៊ីម៉ងត៍ម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកណ្តោលសហការជាមួយកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកទឹកឈូ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ បន្ទាប់ពីសមត្ថកិច្ចទទួលពាក្យបណ្តឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះប្តឹងចោទប្រកាន់ថា បានធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកណ្តោលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សិត សារ៉េន ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរជាកម្មកររោងចក្រស៊ីម៉ងត៍ ចក្រីទីងកំពត មានទីលំនៅភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត ចំណែកក្មេងស្រីរងគ្រោះទើបតែមានអាយុ១៥ឆ្នាំ ជាសិស្ស មានទីលំនៅក្នុងស្រុកទឹកឈូ ។
លោកវរៈសេនីយ៍ត្រី ណុប ចាន់ភាព អធិការរងស្រុកទឹកឈូ បានឲ្យដឹងថា កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ក្មេងស្រីរងគ្រោះបានជិះកង់យកបាយម្ហូបទៅឲ្យឪពុករបស់នាងនៅឯចម្ការឆ្ងាយពីផ្ទះ ខណៈកំពុងជិះកង់តាមផ្លូវស្រាប់តែជនសង្ស័យចេញមកផ្លូវឲ្យឈប់កង់រួចចាប់អូសដៃចូលទៅក្នុងព្រៃជើងភ្នំគីឡូដួល ស្ថិតក្នុងភូមិមានរិទ្ធ ឃុំកណ្ដាល រួចអូសចូលទៅចំការចម្ងាយប្រមាណជា២០ម៉ែត្រចាប់រំលោភរហូតបាសំរេច ព្រមទាំងគំរាមសម្លាប់ទៀត ។
លោកវរៈសេនីយ៍ត្រី ណុប ចាន់ភាព បន្តឲ្យទៀតថា ក្រោយពីបានទទួលបានពាក្យបណ្តឹង នៅព្រឹកថ្ងៃទី២៧សីហា កម្លាំងសមត្ថកិច្ចបានចុះទៅឃាត់ខ្លួន និងនាំជនសង្ស័យមកកាន់អធិការដ្ឋានស្រុកទឹកឈូ ដើម្បីធ្វើការសាកសួរ ។
លោកអធិការរងបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចដូចដែលក្មេងស្រីរងគ្រោះបានប្តឹងមកសមត្ថកិច្ចដែរ ។ ហើយនៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ សមត្ថកិច្ចការិយាល័យយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកទឹកឈូបានកសាងសំណុំបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី ៕