ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនខណៈកំពុងអង្គុយផឹកស្រានៅក្នុងភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គីមានជ័យ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ដោយចោទប្រកាន់ថា បានរំលោភក្មេងស្រីអាយុ៩ឆ្នាំរហូតបានសម្រេច ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ គុំ ដួង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចំណែកក្មេងស្រីរងគ្រោះទើបតែមានអាយុ៩ឆ្នាំប៉ុណ្ណោះ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅថ្ងៃទី២៦សីហា បន្ទាប់ពីជនសង្ស័យផឹកស្រាជាមួយមិត្តភក្តិ៤-៥នាក់តាំងពីព្រឹករហូតស្រវឹង នៅម៉ោង១១ព្រឹកក៏បែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ។ ខណៈដើរត្រឡប់ទៅផ្ទះជនសង្ស័យក៏ឃើញក្មេងស្រីរងគ្រោះកំពុងអង្គុយញ៉ាំបាយ ក៏ចូលទៅសួរថា ឪពុកម្តាយឯងនៅផ្ទះដែរទេ? ក្មេងស្រីរងគ្រោះឆ្លើយថាមិននៅទេ ។ ពេលនោះដោយឃើញសភាពស្ងាត់ល្អជនសង្ស័យក៏បបួលក្មេងស្រីរងគ្រោះទៅរកឪពុករួចពរចូលទៅក្នុងព្រៃសុំរួមភេទ តែនាងមិនព្រម ជនសង្ស័យក៏វ៉ៃនាងឡើងដេកនឹងដីរួចច្របាច់ករហូតសន្លប់ ទើបធ្វើសកម្មភាពរំលោភស្រេចតែនឹងចិត្តរហូតបានសម្រេច ។
សមត្ថកិច្ចឲ្យដឹងទៀតថា បន្ទាប់ពីក្មេងស្រីរងគ្រោះដឹងខ្លួនពីសន្លប់វិញនាងក៏ដើរត្រឡប់មកផ្ទះវិញ ត្រូវបានអ្នកជិតខាងឃើញ ខ្លះក៏ដាក់នាងឲ្យដេក ខ្លះក៏ទៅប្រាប់ម្តាយនាងដែលនៅកន្លែងប្រជុំ ។ ពេលម្តាយនាងមកដល់ដោយឃើញមានស្នាមរបួស និងហូរឈាមតាមទ្វារមាសខ្លាំងពេកក៏បញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព រួចដាក់ពាក្យប្តឹងដើម្បីឲ្យសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ។
ក្រោយពីទទួលពាក្យបណ្ដឹង សមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតាមការចង្អុលបង្ហាញរបស់ក្មេងស្រីរងគ្រោះ ខណៈជនសង្ស័យកំពុងអង្គុយផឹកស្រា ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានចាប់រំលោភក្មេងស្រីនេះពិតប្រាកដមែន ៕