កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលសមត្ថកិច្ចគយចុះឆែកឆេរឃ្លាំងស្តុកទំនិញរបស់លោក ស៊ីវ សុជាតិ ហៅតោ ដែលជាអធិការនគរបាលក្រុងសិរីសោភ័ណ។ មជ្ឈដ្ឋានខ្លះបានរិះគន់ថាលោក ស៊ីវ សុជាតិ បានប្រើអំណាចរកស៊ីនាំចូលទំនិញគេចពន្ធមកស្តុកទុកនិងចែកចាយតាមអំពើចិត្តដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ចំណែកមជ្ឈដ្ឋានខ្លះទៀតបានលើកឡើងថា បើគ្មានការឃុបឃិតពីមន្ត្រីគយនៅច្រកព្រំដែន និងគយចល័តទេនោះ គឺលោក ស៊ីវ សុជាតិ មិនអាចនាំទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ចូលដល់ក្រុងសិរីសោភ័ណបានឡើយ។
សូមបញ្ជាក់ថាករណីមន្ត្រីគយធ្វើការឡោមព័ទ្ធនិងឆែកឆេរទីតាំងឃ្លាំងស្តុកទំនិញចំនួន៣កន្លែងរបស់លោក ស៊ីវ សុជាតិ ហៅតោ អធិការនគរបាលក្រុងសិរីសោភ័ណ គឺមានការសម្របសម្រួលពីអយ្យការនៃសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ដោយជាប់សង្ស័យពីរឿងដឹកជញ្ជូននិងស្តុកទុកទំនិញគេចពន្ធជាច្រើនប្រភេទ។ នៅក្នុងការឆែកឆេរនោះគេបានរកឃើញទំនិញជាច្រើនប្រភេទនៅក្នុងឃ្លាំងទាំង៣កន្លែង ក៏ប៉ុន្តែមន្ត្រីគយមិនទាន់បញ្ជាក់អំពីទំនិញគេចពន្ធមានប៉ុន្មានភាគរយនោះទេ។ សម្រាប់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត បានលើកឡើងថា បើគ្មានការឃុបឃិតជាមួយមន្ត្រីគយច្រកព្រំដែន មន្ត្រីគយចល័ត និងលោក ឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ គឺទំនិញទាំងនោះមិនអាចហោះពីទឹកដីសៀមចូលដល់ឃ្លាំងកណ្ដាលក្រុងសិរីសោភ័ណបានឡើយ។
ទាក់ទងនឹងបញ្ហាខាងលើនេះ មានប្រភពខ្លះសង្ស័យថាមកពីលោក ស៊ីវ សុជាតិ ហៅតោ អធិការនគរបាលក្រុងសិរីសោភ័ណ មិនបង់លុយឲ្យសមត្ថកិច្ចគយតាមការកំណត់ ទើបគេបើកប្រតិបត្តិការឆែកឆេរដើម្បីឲ្យលោក ស៊ីវ សុជាតិ ដឹងខ្លួន។ មន្ត្រីរាជការក្នុងក្រុងសិរីសោភ័ណ ក៏បានឲ្យដឹងដែរថាលោក ស៊ីវ សុជាតិ ហៅតោ ប្រើប្រាស់អំណាចជាអធិការនគរបាលក្រុងសិរីសោភ័ណ រកស៊ីនាំចូលទំនិញគេចពន្ធល្បីឈ្មោះជាយូរមកហើយ និងមានឃ្លាំងស្តុកទំនិញគេចពន្ធជាច្រើនកន្លែងក្នុងក្រុងសិរីសោភ័ណ។ ហេតុនេះហើយទើបគេវាយតម្លៃថា ការឆែកឆេរឃ្លាំងស្តុកទំនិញរបស់លោក ស៊ីវ សុជាតិ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ មិនមែនសមត្ថកិ្ចចគយមានឆន្ទៈក្នុងការបង្ក្រាបទំនិញគេចពន្ធនោះទេ ផ្ទុយទៅវិញគឺពួកគេធ្វើដើម្បីប្រមូលផលប្រយោជន៍ចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលតែប៉ុណ្ណោះ៕