កំពត៖ អ្នកភូមិបានស្នើសុំសមត្ថកិច្ចជួយអន្តរាគមន៍ ជាបន្ទាន់ ក្រោយលេចឮពីការចាប់ចងបុរសម្នាក់ វាយដំ និងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរបំផុត ។
ហេតុការណ៍នេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ស្ថិត ក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ទីដែលមានជម្លោះ និងហិង្សាជាញឹកញយ ដោយផ្តើមឡើងពីការរំលោភបំពានដីធ្លី ពិសេសសម្រាប់មុខរបរជំនួញ។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះហេង មិត្ត អាយុ៣១ឆ្នាំ មានទីលំនៅភូមិចក្រីទីង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។
មន្ត្រីដដែលបានប្រាប់ឱ្យដឹងទៀតថា កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំត្រពាំងភ្លាំង បានទទួលសេចក្តីរាយការណ៍ថា បុរសម្នាក់ត្រូវគេចាប់ចងវាយដំនៅខ្ទមចាំ ចម្ការមួយ ស្ថិតក្នុងភូមិព្រៃពាយ ។ ភ្លាមៗកម្លាំងប៉ុស្តិ៍បានចុះទៅកាន់គោលដៅ តែដោយសារចម្ងាយផ្លូវឆ្ងាយ ហើយក្រុមជនបង្កហាក់ដឹងមុន ទើបពួកគេនាំគ្នាំគេចបាត់អស់ ។
ព្រោះតែមានចំណងជាប់ដៃ ដោយមិនទាន់អាចនិយាយអ្វីរួច ព្រោះកំពុងឈឺផ្សា ស្របនឹងមេឃចាប់ផ្តើមងងឹតផងសមត្ថកិច្ចក៏នាំជនរងគ្រោះ ចេញពីកន្លែងកើតហេតុ រួចបញ្ជូនបន្តទៅកាន់អធិការដ្ឋានស្រុកឈូក ដើម្បីចាត់ចែង ហៅពេទ្យព្យាបាល ។ ប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែសីហា នេះលោកសំរិត សិលាវិបុល បញ្ជាក់ថាពេលនេះជំនាញ កំពុងសួរនាំនៅឡើយ ដោយជនរងគ្រោះមិនទាន់មានស្មារតីចងចាំគ្រប់គ្រាន់ទេ បន្ទាប់ពីបញ្ជូនមកដល់អធិការដ្ឋាននៅម៉ោង១១យប់មិញ ៕